ចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុនតៃវ៉ាន់ជាង ១០០ មុន​ពេល​លោកស្រី Pelosi មក​ទស្សនកិច្ច
សេដ្ឋកិច្ច August 2, 2022 Khmernote

ប្រទេសចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុននាំចេញអាហារតៃវ៉ាន់ជាង ១០០ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើឧស្សាហកម្មដ៏សំខាន់។ ការដាក់បម្រាមនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។ យោងតាមសារព័ត៌មានក្នុងស្រុក United Daily News បាននិយាយថា ទំនិញប៉ះពាល់រួមមានអាហារសមុទ្រ តែ និងទឹកឃ្មុំ។

ការហាមប្រាមរបស់ចិននេះ គឺជាវិធានការចុងក្រោយបង្អស់ដែលធ្វើឡើងដោយទីក្រុងប៉េកាំង ដែលផ្តោតលើឧស្សាហកម្មកសិកម្មរបស់តៃវ៉ាន់ ខណៈកន្លងមក ចិនបានហាមប្រាមលើ​ការ​នាំ​ចូល​ម្នាស់ ផ្លែជម្ពូរ និងផ្លែទៀប។

ការហាមប្រាមចុងក្រោយនេះ បានកើតឡើងនៅពេលដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ត្រូវបានគេទម្លាយថា នឹងមកដល់នៅកោះតៃវ៉ាន់នៅល្ងាចថ្ងៃអង្គារនេះ ខណៈដំណើរ​ទស្សនកិច្ច​នេះ​បាន​រងការ​ព្រមាន​យ៉ាង​តឹងរ៉ឹង​ពី​មន្ត្រី​ចិន ​ដែល​បានលើកឡើង​ថា​នឹង​មាន​ “ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ” ប្រសិន​បើ​លោកស្រី Pelosi មក​ដល់​ក្រុង​តៃប៉ិ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo