រដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម លោក Nguyen Thanh Nghi កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់ផ្ទះមួយលានខ្នង សម្រាប់កម្មករឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបនៅឆ្នាំ២០៣០។ នៅក្នុងសន្និសីទស្ដីពីលំនៅដ្ឋានសង្គម លោក Nghi បានស្នើថា ក្រសួងសំណង់នឹងរៀបចំផែនការមួយ ហើយដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត។
បើតាមរដ្ឋមន្រ្តីរូបនេះ នៅប្រទេសវៀតណាម ការសាងសង់លំនៅឋានសង្គមបានប្រឈមនឹងឧបសគ្គក្នុងលក្ខខណ្ឌនៃការវិនិយោគ និងនីតិវិធីលក់។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោកបានស្នើឲ្យខេត្តក្រុងផ្តល់ទិន្នន័យពាក់ព័ន្ធក្នុងខែនេះ ដើម្បីបន្តអនុវត្តផែនការ។
គួរឱ្យដឹងថា ប្រទេសវៀតណាមបានសាងសង់លំនៅដ្ឋានសង្គមទំហំ ៧.៨ លានម៉ែត្រការ៉េក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ជម្រកដល់កម្មកររាប់សែននាក់ និងគ្រួសារដែលមានប្រាក់ចំណូលទាប ប៉ុន្តែបានបំពេញតម្រូវការបានតែមួយផ្នែកប៉ុណ្ណោះ នេះបើយោងតាមនាយករដ្ឋមន្ត្រី Pham Minh Chinh។ ជាមួយគ្នានេះដែរ បើតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា មានគម្រោងលំនៅដ្ឋានសង្គមក្នុងទីក្រុងចំនួន ៣១០ នៅក្នុងប្រទេសដែលមានផ្ទះចំនួន ១៥៦,០០០ខ្នង ខណៈដែលទីក្រុងចំនួន ៤១០ ផ្សេងទៀតកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ជាមួយនឹងផ្ទះចំនួន ៤៥៥,០០០៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ thesaigontimes, vneconomy, nhandan.vn, vcdn-english


