ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយសាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តការស្ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម។
អនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូបានចុះហត្ថលេខារវាង ឯកឧត្តម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group នៅទីក្រុងសេអ៊ូល សាធារណរដ្ខកូរ៉េ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ។
បើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បច្ចុប្បន្នកម្ពុជាជាប្រទេសផលិតស្បៀង មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារអន្តរជាតិមាន៖ ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូ។ល។ ដូច្នេះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញសម្រាប់កម្ពុជា។
ជាកិច្ចឆ្លើយតប សាកលវិទ្យាធិការ និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានសង្កត់ធ្ងន់ថានេះគឺជាឧបនិស្ស័យដែលបាននាំឲ្យយើងបានមកជួបគ្នា យល់យោគគ្នា មានទស្សននិស្ស័យដូចគ្នា និងសហការផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលធនធានមនុស្សនេះឡើង។ ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា នឹងនាំគ្នាដើរតាមទិសដៅមួយក្នុងឆន្ទៈប្រាកដនិយមថា នឹងទៅកាន់គោលដៅដែលខ្លួនចង់បាននោះ គឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគដ៏ខ្លី៕





អត្ថបទ៖ លីនី


