កម្ពុជា បាននាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងតម្លៃជិត ២ពាន់លានដុល្លារ
សេដ្ឋកិច្ច August 2, 2022 Khmernote

កម្ពុជា បាននាំចេញកសិផលទៅកាន់ប្រទេសចិនក្នុងតម្លៃ ១៩៤២ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៩ មកដល់ចុងខែមិថុនា ឆ្នាំ២០២២ នេះ។ តួលេខនេះត្រូវបានបង្ហាញដោយស្ថានទូតចិនប្រចាំកម្ពុជា ដោយដកស្រង់ចេញពីរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ចាប់ពី​ឆ្នាំ២០១៩ ដល់​ខែមិថុនា ឆ្នាំ២០២២ ផលិតផល​កសិកម្មរបស់កម្ពុជា​សរុប​ចំនួន ២.៤ លានតោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ក្នុងនោះរួមមាន៖ ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូងមី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។

គួរបញ្ជាក់ផងដែរថា នាដើមឆមាសទី១ នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ថ្មីៗនេះ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រទេសចិន គឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា