ប្រទេសឡាវ ស្ថិតក្នុងចំណោមប្រទេសដែលមានអតិផរណាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍
សេដ្ឋកិច្ច August 1, 2022 Khmernote

យោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការព្យាករណ៍អតិផរណាសម្រាប់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២២ បានកើនឡើងយ៉ាងខ្លាំងពី ៣.៧ ទៅ ៤.៧ ភាគរយ។ ក្នុងនោះ ប្រទេសឡាវមានអត្រាអតិផរណាខ្ពស់បំផុតបើធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់។

បើតាមឯកសាររបស់ (ADB) “Asian Development Outlook (ADO) 2022 Supplement” ការកើនឡើងតម្លៃនៅក្នុងប្រទេសឡាវបានកត់ត្រាក្នុងអត្រា ២៣.៦% ក្នុងខែមិថុនា​ ខណៈអត្រាអតិផរណាប្រទេសអាស៊ានផ្សេងទៀតរួមមានប្រទេសថៃបានកើនឡើង (៧.៧ %) វៀតណាម (៣.៤%) ហ្វីលីពីន (៦.១%) និងឥណ្ឌូនេស៊ី (៤.៣%)។

គួរបញ្ជាក់ផងដែរថា ការព្យាករណ៍អតិផរណាដែលបានលើកឡើង បានផ្សារភ្ជាប់ទៅនឹងការកើនឡើងតម្លៃថាមពល និងការឆ្លងកាត់ការចំណាយខ្ពស់ជាងមុន ដែលត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់តម្លៃសម្រាប់ផលិតផលជាច្រើនប្រភេទ។ នៅប្រទេសឡាវ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងយ៉ាងខ្លាំងលើសពីការរំពឹងទុក។ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងទំនិញនាំចូលផ្សេងទៀត រួមជាមួយនឹងការធ្លាក់ថ្លៃនៃប្រាក់គីប គឺជាកត្តាចម្បងដែលជំរុញឱ្យមានអតិផរណា នេះបើយោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិឡាវ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand
ប្រភព៖ cfr, vientianetimes, news.cn