យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហាញពីការពេញ ចិត្តចំពោះកំណើននាំចេញកសិផលរបស់កម្ពុជាទៅប្រទេសចិន ដោយផ្អែករបាយការណ៍ពីស្ថាប័នជំនាញ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតចិនបានរៀបរាប់ថា «ស្ថានភាពនៃការ នាំចេញកសិផលកម្ពុជាទៅ កាន់ប្រទេសចិនគួរឱ្យសប្បាយចិត្ត។ យោងតាមតួលេខរបស់អគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់ ៥៩៨៥ លានដុល្លារអាមេរិក កើនឡើង ១៩.៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២១។
ថ្មីៗនេះ យោងតាមរបាយ ការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា នាដើមឆមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦៨ ២៨០ តោនទៅកាន់ប្រទេសចិន កើនឡើង១៧.៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រទេសចិនគឺជាប្រទេសដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន ៥១.៤% នៃការនាំ ចេញអង្ករសរុបនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។
ស្ថានទូតបានបន្តថា «ចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២ កម្ពុជាបាននាំ ចេញកសិផលចំនួន២.៤ លានតោនទៅកាន់ប្រទេសចិន ស្មើនឹង ១៩៤២ លានដុល្លារអាមេរិក ក្នុងនោះរួម មាន ចេកស្រស់ អង្ករ ដំឡូងមីស្ងួត ម្សៅដំឡូងមី កាកដំឡូង មី ស្វាយស្ងួត ស្វាយស្រស់ គ្រាប់ស្វាយចន្ទី ម្សៅកាកាវជាដើម។
នាថ្ងៃទី២០ខែកក្កដា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូល រួមកិច្ចសន្ទនាអនឡាញស្តីពីកសិកម្មកម្ពុជាចិនដែលរៀប ចំឡើងដោយភាគីចិនដោយបានលើកឡើងថា គំនិតផ្តួច ផ្តើម“ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវផលប្រយោជន៍យ៉ាង ច្រើនដល់វិស័យកសិកម្មកម្ពុជា បានជួយដល់ដំណាំ ស្រូវ ដំឡូងមី ផ្លែឈើតំបន់ត្រូពិច និងជ័រកៅស៊ូជាដើម, បង្កើនតម្លៃបន្ថែមលើកសិផលដោយតាមរយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្ម, ជួយជំរុញការលើក កម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជា កសាងហេដ្ឋារចនា សម្ព័ន្ធ និងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងកម្ពុជានិងចិន។
ស្ថានទូតចិនប្រចាំកម្ពុជាបន្តថា «ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោក Chen Qisheng អគ្គនាយកនៃក្រុមហ៊ុនCCIC Cambodia បានដឹកនាំក្រុម ការងារ ដោយអនុលោមតាមសេចក្តីតម្រូវការនៃ”កិច្ចព្រម ព្រៀងភូតគាមអនាម័យ” ពាក់ ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ក្រុម ការងារលោកបានជម្នះរាល់ឧបសគ្គទាំងឡាយ បង្ហាញលក្ខណៈពិសេសតាមបច្ចេក ទេសជំនាញ ជួយសហគ្រាសក្នុងការត្រួតពិនិត្យគ្រប់គ្រងនិងដំឡើងបរិក្ខារកម្ដៅយ៉ាង សកម្ម រឹតបន្តឹងគុណភាព ផ្តល់ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលពាក់ ព័ន្ធមុនពេលដឹកជញ្ជូនចេញ ក្រៅនិងផ្តល់សេវាកម្ម “តាម ដានប្រភពCCIC”ផងដែរ។ បន្ទាប់ពីទំនិញទៅដល់ប្រទេសចិន ត្រូវបានអនុញ្ញាតឆ្លងកាត់គយនិងបញ្ជូនចែក ចាយនៅតាមទីផ្សារយ៉ាងរលូន៕


ប្រភព៖ ក្រសួងព័ត៌មាន


