ក្រុមប្រទេសសេដ្ឋកិច្ចកំពូលទាំង ៧ កំពុងត្រៀមកំណត់តម្លៃប្រេងរុស្ស៊ីនៅខែធ្នូ ខណៈចិន និងឥណ្ឌាកំពុងចាប់អារម្មណ៍ក្នុងការកាត់បន្ថយការចំណាយលើការនាំចូលប្រេង
សេដ្ឋកិច្ច July 28, 2022 Khmernote

យោងតាមប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមប្រទេសទាំងប្រាំពីរ (G7) កំពុងត្រៀមកំណត់តម្លៃប្រេងរុស្ស៊ីមុនថ្ងៃទី០៥ ខែធ្នូ នៅពេលការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងចូលជាធរមាន។ ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ (G7) ក៏បានប្រាប់រ៉យទ័រផងដែរថា ប្រទេសចិន និងឥណ្ឌា ចាប់អារម្មណ៍ក្នុងការកាត់បន្ថយការចំណាយលើការនាំចូលប្រេងរបស់ពួកគេ ខណៈប្រទេសទាំងពីរនេះ បាននឹងកំពុងទិញប្រេងឆៅពីរុស្ស៊ី ក្នុងតម្លៃថោកៗយ៉ាងគំហុក។

គួរឱ្យដឹងថា ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប នឹងហាមប្រាមសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងទាក់ទងនឹងប្រេងនៅសមុទ្ររបស់រុស្សី ដែលអាចមានសក្តានុពលក្នុងការទាញយករាប់លានបារ៉ែលចេញពីទីផ្សារ។ ក្រុមប្រទេសទាំងពីរ (G7) បានស្នើឡើងនូវតម្លៃដែលភ្ជាប់មកជាមួយ ដើម្បីជៀសវាងការធ្លាក់ថ្លៃផ្គត់ផ្គង់ ខណៈពេលដែលកំណត់ប្រាក់ចំណូលប្រេងរបស់ទីក្រុងម៉ូស្គូ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគបានព្រមានថា ការបិទប្រេងរបស់រុស្ស៊ីអាចនាំឱ្យមានការសងសឹកពីទីក្រុងមូស្គូ ដែលអាចនឹងកាត់បន្ថយការផលិតភ្លាមៗ ដើម្បីបង្កឱ្យប្រេងកើនឡើងតម្លៃ។ ប៉ុន្តែ (G7) ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន អាឡឺម៉ង់ បារាំង អ៉ីតាលី និងអង់គ្លេស – សង្ឃឹមថាតម្លៃដែលកំណត់លើសពីតម្លៃផលិតកម្មរបស់រុស្ស៊ី នឹងនៅតែផ្តល់នូវការលើកទឹកចិត្តគ្រប់គ្រាន់ដើម្បីរក្សាប្រេងរបស់ខ្លួនឱ្យហូរទៅកាន់ទីផ្សារ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ forbes, bwbx, westsidepeoplemag