យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន និយ័តករធានារ៉ាប់រងកម្ពុជារំពឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នឹងផ្តល់វិភាគទានក្នុងសេដ្ឋកិច្ច ក្នុងអត្រា ៥,៥ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៣៥ដុល្លារអាមេរិក នៅឆ្នាំ២០៣០ បើទោះបីជាបច្ចុប្បន្ន អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចនេះ មានត្រឹមតែ ១,១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងជាមធ្យម សម្រាប់មនុស្សម្នាក់មានត្រឹមតែ ១៨ដុល្លារនៅឡើយក្តី។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលវែង ប្រសិនបើសេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនថេរ ៥,៥ភាគរយ នោះទីផ្សារធានារ៉ាប់រង នឹងត្រូវបានព្យាករមានកំណើនថេរក្នុងរង្វង់២៥ភាគរយ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ២០៣០ ជាមួយបុព្វលាភដុលនឹងកើនដល់ប្រមាណ ២,៥ប៊ីលានដុល្លារ ហើយអាចបង្កើតការងារ ចំនួនប្រមាណ៣ម៉ឺនកន្លែង។
ក្នុងសន្និសីទសារព័ត៌មាន កាលពីដើមសប្តាហ៍នេះ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «បើយោងតាមអត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ច ដែលប្រមាណ ១,១១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងមានប្រមាណ ១៨,៧៥ដុល្លារ ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់ថា ការរីកចម្រើននៃវិស័យធានារ៉ាប់រងកម្ពុជានៅមានកម្រិតទាបណាស់ បើធៀបនឹងតំបន់ ក៏ដូចជា សកលលោក ដែលនេះបញ្ជាក់បានថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងក្នុងការរីកចម្រើន»។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានថ្លែងថា ក្រុមហ៊ុនធានារ៉ាប់រង បានរួមចំណែកផ្តល់នូវការសម្រាល បន្ទុកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ក៏ដូចជាធុរកិច្ចនានាដែលបានជួបប្រទះនូវហានិភ័យ តាមរយៈការទូទាត់សំណង។ ជាក់ស្តែងក្នុងឆ្នាំ២០២១ ការទូទាត់សំណង មានទឹកប្រាក់សរុបប្រមាណ ៤១,៣លានដុល្លារ ក្នុងកំណើន ១១,៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ក៏បានចាក់បញ្ចូលមូលនិធិទៅក្នុងប្រព័ន្ធធនាគារ ក្នុងទម្រង់ជាប្រាក់បញ្ញើមានចំនួនជាង ៥៦០លានដុល្លារ។
ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ចាប់ផ្តើមមានវត្តមាននៅឆ្នាំ២០១២ និងមកដល់បច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងចំនួន ៩៤ ដែលក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ១៤, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច៧, ក្រុមហ៊ុនធានារ៉ាប់រងបន្ត១, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន១៨, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៤ និងក្រុមហ៊ុន វាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន២ កំពុងប្រតិបត្តិការ៕



ប្រភព៖ ក្រសួងព័ត៌មាន


