ភោជនីយដ្ឋាន​នៅអង់គ្លេសជាង ១៤០0 កន្លែងត្រូវបានបិទ ដោយសារតែវិបត្តិសេដ្ឋកិច្ច កើនឡើងជាង៦៤%
សេដ្ឋកិច្ច July 27, 2022 Khmernote

អង់គ្លេស៖ យោងតាមសារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែកក្កដាថា អត្រាអតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៩.៤% នៅក្នុងខែមិថុនា ដោយសារតែការកើនឡើងតម្លៃអាហារ និងថាមពលបានប៉ះពាល់ដល់អាជីវកម្មនៅទូទាំងចក្រភពអង់គ្លេស ក៏ដូចជាការប្រឈមជាមួយនឹងការថយចុះនៃការចំណាយរបស់អតិថិជន ព្រោះតែតម្លៃនៃទំនិញគ្រប់យ៉ាងដូចជាហ្គាស អគ្គិសនី រហូតដល់អាហារ និងសម្លៀកបំពាក់បានឡើងថ្លៃខ្លាំង។ ខណៈដែល​អ្នក​វិភាគបានចេញមក​ព្រមាន​ថា​អតិផរណា​អាច​នឹង​កើន​ឡើង​ខ្ពស់​ដល់​១២%​នៅ​ខែ​តុលា​នេះ ជាហេតុធ្វើឱ្យគ្រួសារស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងលើចំណាយបន្ថែមទៀត រួមទាំងការញ៉ាំអាហារក្រៅផ្ទះផងដែរ។

យោងតាមទិន្នន័យពីក្រុមហ៊ុនគណនេយ្យ UHY Hacker Young បង្ហាញថា ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ (ខែមិថុនា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២២) ភោជនីយដ្ឋានចំនួន ១,៤០៦ នៅចក្រភពអង់គ្លេសបានបិទទ្វារ ជាហេតុនាំអោយកើនឡើងស្មើទៅនឹង ៦៤% ធៀបនឹងឆ្នាំមុន ដោយសារតែកង្វះកម្លាំងពលកម្ម និងវិបត្តិនៃចំណាយប្រចាំថ្ងៃដែលបានកើតឡើងធ្វើឱ្យអ្នកប្រើប្រាស់ចង់កាត់បន្ថយការចំណាយ ទើបបណ្តាលអោយអាជីវកម្មភោជនីយដ្ឋានត្រូវបានបិទច្រើនជាងឧស្សាហកម្មផ្នែកសេវាកម្មដែលមានការក្ស័យធនកើនឡើងជាង ៥៦% ក្នុងអំឡុងពេលជាមួយគ្នា។

ចំណែកលោក Peter Kubic ដែលជាដៃគូនៅក្រុមហ៊ុន UHY Hacker Young Accounting Firm បាននិយាយថា «សម្ពាធកំពុងតែកើនឡើងនៅក្នុងវិស័យភោជនីយដ្ឋានជារៀងរាល់ថ្ងៃ ហើយនេះក៏ជាកត្តាដែលនាំអោយភោជនីយដ្ឋានបិទទ្វាកាន់តែច្រើនឡើង»។ បើទោះជាមានភោជនីយដ្ឋានមួយចំនួនដែលនៅតែអាចបន្តអាជីវកម្មរបស់ខ្លួនអោយរួចផុតពីវិបត្តិនៃជំងឺរាតត្បាត COVID-19 កន្លងមក ក៏ព្រោះ​តែមាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ប៉ុន្តែឥឡូវនេះអាជីវកម្មទាំងនោះក៏កំពុងប្រឈមមុខនឹងបញ្ហា អតិផរណាខ្ពស់ ជាហេតុនាំអោយកង្វះកម្លាំងពលកម្មក្រោយ Brexit បានជំរុញឱ្យតម្លៃប្រាក់ឈ្នួលឡើងកាន់តែខ្ពស់ ខណៈពេលដែលអំណាចទិញថយចុះ។

គួរបញ្ជាក់ផងដែរថា៖ តាមរយៈការត្រួតពិនិត្យថ្មីៗនេះ បានរកឃើញថា មួយភាគបួននៃជនជាតិអង់គ្លេស ប្រើវិធីតមអាហារ ដោយសារសម្ពាធអតិផរណា និងវិបត្តិស្បៀងអាហារពិភពលោក៕


អត្ថបទ៖ Bee
ប្រភព៖ prachachat