យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា វិស័យរ៉ែ និងថាមពល បានជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែងកាត់បន្ថយការចំណាកស្រុក ព្រោះវិស័យរ៉ែ បានទាក់ទាញអ្នកវិយោគទាំងក្នុង និងក្រៅប្រទេសមកបណ្តាក់ទុនពីមួយឆ្នាំទៅមួយឆ្នាំ។
លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះបានមានប្រសាសន៍ថា វិស័យរ៉ែ និងថាមពលខេត្តក្រចេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយសេដ្ឋកិច្ចប្រជាពលរដ្ឋ ទាំងផ្ទាល់ និងប្រយោល តាមរយៈការស្រូបទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។
លោកបន្តថា សម្រាប់ខេត្តក្រចេះមានរ៉ែជាច្រើនប្រភេទដូចជា៖ គ្រួស ខ្សាច់ ថ្មអា និងរ៉ែមាសហើយក្នុងនោះក្រុមហ៊ុនថ្មអា បានបង្កើនប្រាក់ចំណូល និងឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងភូមិភាគឦសានមួយនេះច្រើនជាងគេ។
«វិស័យរ៉ែយើងនេះបានជួយជំរុញក្នុងវិស័យសេដ្ឋកិច្ច ទី ១ គឺយើងបានស្រូបទៅវិនិយោគទុនពីក្រៅប្រទេសក្នុងប្រទេសមកអភិវឌ្ឃន៍ក្នុងខេត្តយើង ទី ២បានបង្កើនការងារជូនបងប្អូនប្រជាជនខ្មែរយើងកាត់បន្ថយការចំណាកស្រុកព្រោះក្រុម ហ៊ុនថ្មអាយើងដើរដំណើរការស្រួលក្នុងមួយក្រុមយ៉ាងតិច ៥០នាក់ឡើងលើបុគ្គលិកដែលត្រូវប្រើពី ៥០ទៅ ១២០នាក់»។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រុមហ៊ុនថ្មអានៅក្នុងខេត្ត ក្រចេះមានជាង ២០ក្រុមហ៊ុនតែក្រោយពីជំងឺកូវីដ១៩ មាន ការរីករាលដាលទូទាំងសកល លោកដូចជាប្រទេសកម្ពុជាមកបច្ចុប្បន្ននៅសល់តែ៥ក្រុម ហ៊ុនដែលកំពុងដំណើរការ៕




ប្រភព៖ ក្រសួងព័ត៌មាន


