ប្រទេសស្រីលង្កា ស្នើសុំជំនួយសេដ្ឋកិច្ចពីប្រទេសចិន ដើម្បីដោះស្រាយ និងស្ដារប្រទេសចេញពីវិបត្តិ
សេដ្ឋកិច្ច July 26, 2022 Khmernote

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក Palitha Kohona ឯកអគ្គរដ្ឋទូតស្រីលង្កានៅទីក្រុងប៉េកាំង បាននិយាយថា ប្រទេសស្រីលង្កា ចង់សុំជំនួយលើផ្នែកសេដ្ឋកិច្ចពីប្រទេសចិន។ ក្នុងនោះទីក្រុង Colombo ចង់ឱ្យប្រទេសចិនស្នើសុំឱ្យក្រុមហ៊ុនរបស់ខ្លួន ធ្វើការបញ្ជាទិញតែខ្មៅ ត្បូងកណ្តៀង គ្រឿងទេស និងសម្លៀកបំពាក់របស់ស្រីលង្កា និងជួយដើម្បីធ្វើឱ្យច្បាប់នាំចូលរបស់ចិនកាន់តែមានតម្លាភាព និងងាយស្រួលក្នុងការដឹកជញ្ជូនចូលទៅក្នុងប្រទេសចិន។

ជាមួយគ្នានេះដែរ លោក Kohona បានបន្តថា រដ្ឋាភិបាលក្រុងប៉េកាំងក៏អាចជួយតាមរយៈការចាក់បញ្ចូលការវិនិយោគបន្ថែមទៅក្នុងគម្រោងកំពង់ផែដ៏ធំដែលគាំទ្រដោយប្រទេសចិននៅក្នុងទីក្រុង Colombo និង Hambantota។ Kohona បានបន្ថែមថា ផែនការវិនិយោគធំៗរបស់ចិនមិនទាន់បានសម្រេចទេ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

ការសង្កត់ធ្ងន់របស់ឯកអគ្គរដ្ឋទូត Palitha Kohona លើប្រទេសចិន ជាគន្លឹះនៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា ដោយឆ្លុះបញ្ចាំងពីឋានៈរបស់ទីក្រុងប៉េកាំងជាម្ចាស់បំណុលបរទេសធំជាងគេទីពីររបស់ប្រទេសស្រីលង្កា រួមជាមួយនឹងប្រទេសជប៉ុន។ ប្រទេស​ចិន​ក៏​កាន់​កាប់​បំណុល​ខាង​ក្រៅ​របស់​ស្រីលង្កា​ប្រមាណ​ ១០%​ផង​ដែរ។

គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ដែលជាកោះមានប្រជាជន ២២លាននាក់កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីឯករាជ្យនៅឆ្នាំ១៩៤៨ បន្ទាប់ពីអស់ទុនបម្រុងបរទេស។ ប្រទេសនេះជួបប្រទះនូវបញ្ហាជាច្រើនរួមមាន ការខ្វះខាតប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ ដែលធ្វើឱ្យប្រជាជនមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានធ្វើបាតុកម្មប្រឆាំង និងបានផ្តួលរំលំគ្រួសារដែលកំពុងកាន់អំណាច Rajapaksa ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ bbc, aljazeera, images