អគ្គនាយកអកាសយានដ្ឋានអន្តរជាតិ Vladivostok (រុស្ស៊ីចុងបូព៌ា) លោក Andrei Vinichenko បានឲ្យដឹងថា ភាគីរុស្ស៊ីកំពុងចរចាយ៉ាងសកម្មដើម្បីបើកជើងហោះហើរត្រង់ និងទៀងទាត់ទៅកាន់ប្រទេសវៀតណាម និងប្រទេសអាស៊ីមួយចំនួននៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។
លោក Vinichenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី២១ ខែកក្កដាថា អ្នកតំណាងរុស្ស៊ីកំពុងចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសវៀតណាម ចិន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លើការបើកដំណើរការផ្លូវហោះហើរ។ ពួកគេក៏គ្រោងនឹងមានការពិភាក្សាជាមួយដៃគូជប៉ុន និងថៃនៅពេលខាងមុខផងដែរ។
ទន្ទឹមនឹងនេះ បេសកជនពិសេសរុស្ស៊ីមន្ត្រីជាន់ខ្ពស់នៅ APEC លោក Kirill Barsky បានសង្កត់ធ្ងន់ថា រុស្ស៊ីចង់បន្តការហោះហើរត្រង់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី គឺវៀតណាម ឥណ្ឌូនេស៊ី និងថៃ។ មិនតែប៉ុណ្ណោះ ភាគីរុស្ស៊ីក៏បាននិយាយថា អាកាសយានដ្ឋាន Vladivostok នឹងត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតាមស្តង់ដារពិភពលោក ហើយតម្រូវការការធ្វើដំណើររបស់ប្រជាជនរុស្ស៊ីកំពុងកើនឡើងឥតឈប់ឈរ ដោយពួកគេភាគច្រើនចង់ធ្វើដំណើរទៅក្រៅប្រទេស៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ fl360aero, vietnamplus, ex-cdn


