ប្រទេសចិន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយឥណ្ឌា ក្នុងការទិញប្រេងតម្លៃធូរពីរុស្ស៊ី
សេដ្ឋកិច្ច July 22, 2022 Khmernote

ប្រទេសចិន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយឥណ្ឌា ក្នុងការទិញប្រេងរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ ជាមួយគ្នានេះដែរ បើតាមឈ្មួញ និងទិន្នន័យចងក្រងដោយ Bloomberg នាវាដឹកប្រេង ESPO របស់រុស្ស៊ីចំនួនបួន កំពុងធ្វើដំណើរទៅប្រទេសឥណ្ឌា ក្នុងនោះនាវាចំនួន ២ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Paradip នៅឆ្នេរសមុទ្រភាគខាងកើត ជាកន្លែងចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Indian Oil Corp។

គួរឱ្យដឹងថា ជាធម្មតាការធ្វើជំនួញប្រេងរវាងឥណ្ឌា និងរុស្ស៊ីបែបនេះ គឺឥណ្ឌាមិនសូវចាប់អារម្មណ៍នោះទេ ដោយសារតែចម្ងាយឆ្ងាយពីកំពង់ផែផ្ទុកទំនិញរបស់រុស្ស៊ី Kozmino ហើយដោយសារតែទំនិញឆៅរបស់ ESPO ជាធម្មតាត្រូវបានដឹកជញ្ជូនតាមកប៉ាល់ aframax ដែលផ្ទុកបរិមាណតូចជាងកប៉ាល់ផ្សេងៗ។

ទោះជាយ៉ាងនេះក្ដី ដោយសារតម្លៃថោក ថ្មីៗនេះឃើញថា ឥណ្ឌាងាកមករកការធ្វើជំនួញប្រេងបែបនេះវិញ ហើយជម្រុញការទិញថែមទៀតផង ខណៈការធ្វើជំនួញបែបនេះ គឺជាធម្មតាមានតែប្រទេសចិន និងរុស្ស៊ីប៉ុណ្ណោះ។ លើសពីនេះ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសចិន ថ្មីៗនេះបាននិងកំពុងទាក់ទាញយ៉ាងខ្លាំងក្នុងការនាំចូលប្រេងដែលមានតម្លៃថោករបស់រុស្ស៊ី ហើយដកខ្លួនចេញពីអ្នកផ្គត់ផ្គង់ផ្សេងទៀតដូចជា អាហ្វ្រិកខាងលិច និងប្រេស៊ីល៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ etb2bimg, scmp