រុស្ស៊ី ងាកទៅរកការចរចាលើការប្រើរូបិយប័ណ្ណជាតិជាមួយប្រទេស ៣នេះ សម្រាប់ទូទាត់ថ្លៃថាមពល និងធ្វើពាណិជ្ជកម្ម ដើម្បីបញ្ចៀសការប្រើប្រាស់ប្រាក់ដុល្លារ
សេដ្ឋកិច្ច July 21, 2022 Khmernote

ប្រទេសរុស្ស៊ីកំពុងងាកទៅរកការចរចាជាមួយប្រទេស ទួរគី អ៉ីរ៉ង ទៅលើការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រទេសទាំងនោះ ដើម្បីបញ្ចៀសការប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ការទូទាត់ថ្លៃថាមពល និងធ្វើពាណិជ្ជកម្ម។​ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានកំពុងសម្លឹងរកការជួញដូរប្រេងជាមួយឥណ្ឌាដោយប្រើរូបិយប័ណ្ណជាតិរបស់អារ៉ាប់រួម។

យោងតាមប្រភពមួយដែលបានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយមេដឹកនាំនៃប្រទេសនីមួយៗ ហើយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan គ្រោងនឹងពិភាក្សាអំពីកិច្ចព្រមព្រៀងថាមពលរុស្ស៊ីដោយគិតតម្លៃជារូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារ។

យោងតាមរបាយការណ៍ មន្ត្រីទួរគីបាននិយាយថា ប្រទេសទាំងពីរកំពុងពិភាក្សាគ្នាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណ លីរ៉ា ​(Lira) ដែលនឹងជួយទួរគីពន្យឺតការធ្លាក់ចុះនៃទុនបំរុងអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាជួយក្រុងម៉ូស្គូការពារខ្លួនពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច។ នៅក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង ប្រទេសទួរគីនឹងអាចបង់ប្រាក់ជាលីរ៉ា (Lira) សម្រាប់ការនាំចូលថាមពល ដែលបន្ទាប់មកអាចត្រូវបានប្រើប្រាស់ដោយទីក្រុងម៉ូស្គូដើម្បីធ្វើការទិញពីអ្នកលក់ទួរគី។

ជាមួយគ្នានេះដែរ លោកពូទីន បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ី និងអ៉ីរ៉ង់ ក៏បានពិភាក្សាគ្នាអំពីការប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ពាណិជ្ជកម្មទ្វេភាគីផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់បាននិយាយថា ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលក្រុមហ៊ុនថាមពលយក្សរបស់រុស្ស៊ី និងអ៉ីរ៉ង់ក្នុងសប្តាហ៍នេះ ឈានដល់កិច្ចព្រមព្រៀងបឋមចំនួន ៤០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងប្រេង និងឧស្ម័ន។ ទន្ទឹមនឹងនេះ រុស្ស៊ីក៏កំពុងសម្លឹងរកការជួញដូរប្រេងជាមួយឥណ្ឌា ដោយប្រើរូបិយប័ណ្ណក្នុងស្រុករបស់អារ៉ាប់រួម។ បើតាម Reuters បានបង្ហាញថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាត្រូវបានស្នើសុំឱ្យបង់ប្រាក់សម្រាប់ការនាំចូលជារូបិយប័ណ្ណ ដាហាម (dirhams) របស់អារ៉ាប់រួម។ គួរបញ្ជាក់ផងដែរថា​ ការស្វែងរកមធ្យោបាយទូទាត់របស់រុស្ស៊ីសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងរូបិយប័ណ្ណជំនួស បង្ហាញថាទីក្រុងម៉ូស្គូកំពុងចាកឆ្ងាយ និងបញ្ចៀសពីការប្រើប្រាស់ប្រាក់ដុល្លារកាន់តែខ្លាំងឡើង ដែលជារូបិយប័ណ្ណពាណិជ្ជកម្មអន្តរជាតិដ៏ចម្បង៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ alhurra, dw, thetimes