ក្រុមហ៊ុនចិនមួយ ព្រមព្រៀងទិញផ្លែមៀនប៉ៃលិនក្នុងតម្លៃជាក់លាក់ ចាប់ពី៣៣០០ ទៅ៤៥០០រៀល ក្នុងមួយគីឡូក្រាម
សេដ្ឋកិច្ច July 21, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធី ប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចផត ជាមួយសហគមន៍មៀនប៉ៃលិន ទាំង ៤ ខេត្ត រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោកប្រធានមន្ទីរ ពាណិជ្ជកម្មបន្ទាយមានជ័យ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុនស៊ី ភី ខេមបូឌាចំកាត់ តំណាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ីមផត អិចផត តំណាងសៃឡូមកពីខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំង មន្រ្តីរាជការនៃក្រសួង-មន្ទីរពាណិជ្ជកម្មជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានមន្ទីរពាណិជ្ជកម្មខេត្តជាសហការី បានខិតខំបំពេញការងារសម្របសម្រួល និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ពិសេសនៅក្នុងរដូវកាលប្រមូលផល របស់ កសិករ នៅក្នុងតំបន់ តាមរយៈការសម្របសម្រួលការនាំចេញទៅកាន់ប្រទេសជិតខាង ជាពិសេសក្នុងការរៀបចំឱ្យមានការ ចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនស៊ី ភី និងសៃឡូប្រមូលទិញកសិផល ពិសេសពោតក្រហម នៅខេត្តប៉ៃលិន។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាកិច្ចចាប់ផ្តើមនៅក្នុងការចូលរួមចំណែកពង្រីក សកម្មភាពទិញលក់ផលិតផលពោតក្រហម ការជំរុញការវិនិយោគបន្ថែមទៀតទៅលើការកែច្នៃកសិផលពោតនៅក្នុងស្រុក ក៏ដូច ជាការបង្កើនតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃពោតក្រហម ស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃថាមពល និងស្របពេលដែលដល់រដូវកាលប្រមូលផលពោតក្រហមរបស់កសិករនៅប្រទេសជិតខាងផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងពាណិជ្ជកម្មតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការ បង្កើនវិសាលភាពនៃការផ្គត់ផ្គង់កសិផល និងការជំរុញវិស័យកែច្នៃកសិផល ពិសេសកសិផលឧស្សាហកម្ម ហើយការរួមចំណែក របស់វិស័យឯកជន ក៏ជាកត្តារួមចំណែកដ៏ធំក្នុងការជួយពង្រីក និងការជ្រៀតចូលទីផ្សារឱ្យបានកាន់តែទូលំទូលាយ តាមរយៈការ អភិវឌ្ឍន៍ផលិតផលកសិផល ដែលអាចបញ្ជ្រាបផលិតផលកែច្នៃទាំងនោះចូលក្នុងទីផ្សារក្នុងស្រុក និងក្រៅប្រទេស ឱ្យបានកាន់ តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផត អិចផត បានចុះ កិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយសហគមន៍មៀនប៉ៃលិន នៅក្នុងតម្លៃជាក់លាក់ពីចាប់ពី ៣៣០០ ទៅ ៤៥០០រៀល/គក្រ គិតចាប់ ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣។ ចំពោះកសិផលពោតក្រហមវិញ បច្ចុប្បន្នមានសៃឡូចំនួន ១២ ទីតាំង នៅក្នុងខេត្តប៉ៃលិន កំពុងដំណើរការបញ្ជាទិញកសិផលពីកសិករ ដែលជាធម្មតាពោតស្នូលសំណើម៣០% តម្លៃ ៦៣៦.៦៤រៀល/គក្រ (៥.៧បាត/គ្រក) និងពោតស្នូលសំណើម ២៩% គឺ ៦៤៧.៨១រៀល/គ្រក (៥.៨បាត/គ្រក)។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គ្រប់ភាគីទាំងអស់នឹងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ នៅក្នុងការជួយជំរុញដំណើរការសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន និងជួយផលិតកម្ម ដែលមានគោលដៅចុងក្រោយ គឺបង្កើនប្រាក់ចំណូលជូនកសិករដាំពោតក្រហមនៅក្នុងខេត្តប៉ៃលិន ក៏ដូចជាកសិករទូទាំងប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន