មកដឹងពីតម្លៃ និងរបៀបបង់ប្រាក់ នៅពេលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (មានវីដេអូ)
សេដ្ឋកិច្ច July 19, 2022 Khmernote

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចការសាងសង់បាន ៩៥% ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះដោយឥតគិតថ្លៃរយៈពេល ១ខែ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ផងដែរពីតម្លៃសម្រាប់ការជិះនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងឆ្នាំដំបូង យកតិចជាង ៨សេន និងទៅតាមប្រភេទឡាន ដែលមាន ៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក ១២ដុល្លារក្នុងមួយជើង និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ពីរបៀបក្នុងការបង់ប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះផងដែរដោយ៖

ទី១.អ្នកបើកបរត្រូវទិញកាតឱ្យហើយ ជាកាតដែលមានលុយស្រាប់ រួចដាក់នៅខាងមុខឡាន ហើយនៅពេលបើកដល់បញ្ជរបង់ប្រាក់យើងមិនបាច់ឈប់នោះទេ ដោយម៉ាស៊ីនស្វ័យប្រវត្តិនឹងចាប់កាត ចាប់ផ្លាកលេខឡាន ហើយដល់ពេលយើងចេញ ក្នុងកន្លែងបញ្ជរណាមួយ ម៉ាស៊ីននឹងកាត់លុយដោយស្វ័យប្រវត្ថិ នៅកន្លែងដែលយើងចេញនោះ។

ទី២.បើយើងមិនបានទិញកាតដែលមានលុយស្រាប់ខាងលើ ដូច្នេះពេលមកដល់បញ្ជរបង់ប្រាក់ណាមួយ ខាងផ្នែកបេឡា និងផ្តល់កាតឱ្យមួយ ហើយបន្ទាប់ពីការឱ្យកាតនេះ គេនឹងដឹងថាយើងចូលនៅក្នុងទីតាំងណាមួយភ្លាម ហើយគេនឹងគិតលុយទៅតាមចំងាយដែលយើងបានជិះពេលចេញនៅតាមបញ្ជរបង់ប្រាក់ណាមួយ។

គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ដោយ ចំណាយ ការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ៕

អត្ថបទ៖ លីនី