មិត្តជប៉ុន ប្រគល់រថយន្តដឹកសំរាមដល់ក្រសួងបរិស្ថាន ដើម្បីជួយដោះស្រាយបញ្ហាសំរាមនៅក្នុងខេត្តចំនួន ១១
សេដ្ឋកិច្ច July 18, 2022 Khmernote

កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រគល់ជូនរថយន្តដឹកសំរាមចំនួន ១៥ គ្រឿង ដែលក្នុងនោះរថយន្តចំនួន ១០គ្រឿងគឺជាអំណោយរបស់ស្ថានទូតក្រោមគម្រោង​ (គម្រោង KUSANONE)។ ពិធីប្រគល់-ទទួលនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១៥ នៃខេត្តចំនួន ១១ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

គួរបញ្ជាក់ឱ្យដឹងថា រថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

អត្ថបទ៖ លីនី