សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបង់ក្លាដែសមកវិនិយោគនៅកម្ពុជា លើឃ្លាំងម៉ាស៊ីនកិនស្រូវ ឬទិញស្រូវផ្ទាល់ពីប្រជាកសិករ
សេដ្ឋកិច្ច July 16, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ជួយជំរុញវិនិយោគិនបង់ក្លាដែស ឱ្យមកវិនិយោគនៅកម្ពុជា លើឃ្លាំងម៉ាស៊ីនកិនស្រូវ ឬទិញស្រូវផ្ទាល់ពីកសិករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើដូចនេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានគោរពជម្រាបជូន សម្តេចតេជោ ពីស្ថានភាពនឹងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដែស ពាក់ព័ន្ធនឹងជនភៀសខ្លួន រ៉ូហ៉ីងយ៉ា ដែលកំពុងជ្រកកោណនៅប្រទេសបង់ក្លាដែស និងបានជម្រាបជូន សម្តេចតេជោ ពីស្ថានភាពសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានោះដែរ លោក អេ ខេ អាប់ឌុល ម៉ូមិន ក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង ក្នុងគ្រាដែលពិភពលោកកំពុងតែប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណចំពោះ លោក អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួន រ៉ូហ៉ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ១៩។ សម្តេចតេជោ ក៏បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដែស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យលោក ម៉ូមិន ជួយលើកទឹកចិត្តឱ្យអ្នកវិនិយោគបង់ក្លាដែសមកវិនិយោគនៅកម្ពុជា លើឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុកសម្រាប់កិន និងសម្រាប់នាំចេញ ទៅប្រទេសបង់ក្លាដែស ឬអាចសហការជាមួយប្រជាកសិករកម្ពុជា ធ្វើកសិកម្មតាមបែបកិច្ចសន្យាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន