ប្រទេសចិន អនុញ្ញាតឱ្យវៀតណាមនាំចូលទុរេនជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលដែលពិធីសារស្ដីពីដំណាំទុរេនរបស់វៀណាម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលបួនឆ្នាំ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ ពិធីសារស្តីពីតម្រូវការអនាម័យសម្រាប់ទុរេនវៀតណាម ដែលនាំចេញទៅប្រទេសចិនត្រូវបានចុះហត្ថលេខា ដែលនេះជាលក្ខខណ្ឌសំខាន់សម្រាប់ទុរេនវៀតណាម ដើម្បីមានទីផ្សារនាំចូលប្រកបដោយនិរន្តរភាព។
តាមប្រភពព័ត៌មាន ពិធីសារនេះ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមគឺលោក Le Minh Hoan បន្ទាប់មកនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានគយនៃប្រទេសចិន និងផ្សព្វផ្សាយនៅលើ portal របស់ខ្លួន រួមជាមួយនឹងបញ្ជីនៃតំបន់ដាំដុះទុរេន និងកន្លែងវេចខ្ចប់របស់វៀតណាមដែលមានសិទ្ធិក្នុងការនាំចេញ។
គួរបញ្ជាក់ផងដែរថា ប្រទេសចិននៅតែជាប្រទេសនាំចូលទុរេនវៀតណាមច្រើនជាងគេ ខណៈតែផ្លែឈើនេះ ត្រូវបាននាំចេញជាចម្បងទៅកាន់ប្រទេសចិនតាមច្រកព្រំដែន។ ជមួយគ្នានេះ ទិន្នផលទុរេនរបស់វៀតណាមក្នុងឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៦០០,០០០តោន កើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈបច្ចុប្បន្នប្រទេសនេះមានដំណាំទុរេនប្រហែល ៥០,០០០ ទៅ ៦០,០០០ ហិកតា សម្រាប់ការនាំចេញជាផ្លូវការ ហើយភាគច្រើននៅក្នុងខេត្ត Tay Ninh, Binh Duong, Dong Nai, Binh Phuoc, Tien Giang និង Dak Lak៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាពពី៖ muadacsan,cdnchinhphu, vietnamplus


