រុស្ស៊ី ព្រមានថា តម្លៃប្រេងនឹងកាន់តែឡើងថ្លៃ ប្រសិនបើក្រុមប្រទេសទាំង ៧ នៅតែព្យាយាមធ្វើបែបនេះ
សេដ្ឋកិច្ច July 15, 2022 Khmernote

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃប្រេងអាចនឹងកើនឡើងកាន់តែខ្លាំង ប្រសិនបើក្រុមប្រទេសទាំង ៧ (G7) ព្យាយាមដាក់កំហិតលើការទិញប្រេងពីរុស្ស៊ី។ លោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានថា ផែនការរបស់ក្រុមប្រទេសទាំង ៧ គឺប្រឆាំងនឹងទីផ្សារ ហើយក៏បង្កហានិភ័យដែរ។

ជាមួយគ្នានេះនេះដែរ អ្នកនាំពាក្យក៏បានស្ដីបន្ទោសថា តម្លៃប្រេង និងឧស្ម័នដែលឡើងខ្ពស់ គឺមកពីកំហុសរបស់លោកខាងលិចនៅក្នុងគោលនយោបាយថាមពល ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកផលិតថាមពលធំៗដូចជា រុស្ស៊ី អ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡា។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏បានព្រមានលោកខាងលិចកាលពីពេលថ្មីៗនេះថា ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ប្រថុយនឹងការបង្កើនតម្លៃថាមពល បង្កឱ្យមានគ្រោះមហន្តរាយសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា ផែនការក្នុងការដាក់កំហិតលើការទិញប្រេងពីរុស្ស៊ី ត្រូវបានតាក់តែង​ឡើង​ជា​លើក​ដំបូង​កាលពី​ខែ​មុន ​ដោយ​រដ្ឋលេខាធិការ​រតនាគារ​អាមេរិក Janet Yellen ដែល​ជា​ផ្នែក​នៃ​យុទ្ធនាការ​មួយ​ដើម្បី​បង្កើន​សម្ពាធ​លើ​ទីក្រុង​ម៉ូស្គូ​ ដើម្បី​បញ្ចប់​នូវ​អ្វី​ដែល​វិមាន​ក្រឹមឡាំង​ហៅថា​ជា “ប្រតិបត្តិការ​យោធា​ពិសេស” នៅ​អ៊ុយក្រែន។ យ៉ាងណាមិញ រូបរាងនៃកិច្ចព្រមព្រៀងចុងក្រោយ និងកម្រិតតម្លៃមិនទាន់ត្រូវបានប្រកាសនៅឡើយ ទេ ប៉ុន្តែសហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​កំហិត​លើ​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី ជា​មធ្យោបាយ​ដាក់​ទណ្ឌកម្ម​ក្រុង​ម៉ូស្គូរួចទៅហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ japantimes,yimg,icds.ee/wp-content