តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃ នឹងឡើងថ្លៃចាប់ពីខែកញ្ញាឆ្នាំនេះ ដល់ឆ្នាំក្រោយពេញមួយឆ្នាំតែម្ដង
សេដ្ឋកិច្ច July 12, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃ នឹងត្រូវបានដំឡើងថ្លៃចាប់ពីខែកញ្ញាខាងមុខនេះ ដោយសារតម្លៃប្រេងឡើងថ្លៃ។ គណៈកម្មការនិយតកម្មថាមពល (ERC) បាននិយាយកាលពីថ្ងៃចន្ទថា វិក្កយបត្រអគ្គិសនីក្នុងគ្រួសារនឹងកើនឡើង ៥បាត (០.១៤ដុល្លារ) ក្នុងមួយឯកតានៅចុងឆ្នាំនេះ ដោយសារតម្លៃប្រេងឥន្ធនៈទំនងជាឡើងដល់ ១០០សាតាង (១០០ សាតាង​ស្មើនឹង ១​បាត) ក្នុងមួយឯកតា។

គណៈកម្មការនិយតកម្មថាមពល (ERC) បានបន្តថា ការកើនឡើងនៃតម្លៃប្រេង គឺមកពីការកើនឡើងនៃតម្លៃនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលបានកើនឡើងដល់ ៣០ដុល្លារក្នុងមួយលានឯកតាកំដៅរបស់ចក្រភពអង់គ្លេស (BTU) ពី ២០ដុល្លារ ក្នុងមួយលានឯកតាកំដៅរបស់ចក្រភពអង់គ្លេស (BTU) កាលពីមុន។

គួរឱ្យដឹងថា បើតាមគណៈកម្មការនិយតកម្មថាមពល (ERC) អាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ (Egat) កំពុងទទួលបន្ទុកថ្លៃប្រេងឥន្ធនៈជាង ៨០ពាន់លានបាត ដូច្នេះ (ERC) ប្រហែលជាត្រូវកាត់បន្ថយបន្ទុកនេះដោយការបង្កើនតម្លៃប្រេងបន្តិចម្តងៗ។ ជាមួយគ្នានេះដែរ (ERC) បានបញ្ជាក់ថា វិក្កយបត្រអគ្គិសនីនឹងរងផលប៉ះពាល់ដោយការកើនឡើងតម្លៃ LNG ដែលនាំចូលយ៉ាងហោចណាស់ពីរឆ្នាំ ពោលគឺ ថ្លៃអគ្គិសនីនឹងឡើងខ្ពស់ចាប់ពីចុងឆ្នាំនេះដល់ពេញមួយឆ្នាំក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand