ឥណ្ឌូណេស៊ី និងរុស្ស៊ីចាប់ដៃគ្នាសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ ១៦ ពាន់លានដុល្លារនៅកោះជ្វាខាងកើត
សេដ្ឋកិច្ច July 12, 2022 Khmernote

ឥណ្ឌូនេស៊ី និងរុស្ស៊ី គ្រោងនឹងធ្វើការរួមគ្នាលើគម្រោងជាច្រើន រួមទាំងគម្រោងរោងចក្រចម្រាញ់ប្រេង ដែលមានតម្លៃ ១៦ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន The Straits Times។ កាសែតនេះបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឥណ្ឌូនេស៊ីថា ក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌូនេស៊ី Pertamina និងក្រុមហ៊ុន Rosneft Oil Company របស់រុស្ស៊ី កំពុងបន្តគម្រោងរបស់ពួកគេដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងនៅកោះជ្វាខាងកើតរបស់ឥណ្ឌូនេស៊ី ដើម្បីផលិតប្រេងឥន្ធនៈ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មគីមីឥន្ធនៈ។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរមុននេះ បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាគឺ PT Pertamina Rosneft Pengolahan dan Petrokimia ដែលនឹងគ្រប់គ្រងរោងចក្រចម្រាញ់ប្រេង New Grass Refinery Root (NGRR) របស់កោះជ្វាខាងកើត នៅទីក្រុង Tuban ហើយអាចផលិតបានទិន្នផលប្រេងសាំង ម៉ាស៊ូត និងប្រេងសម្រាប់យន្តហោះ ចំនួន ២២៩,០០០ បារ៉ែលក្នុងមួយថ្ងៃ។

Rosneft នឹងរួមចំណែក ៤៥% នៃការវិនិយោគសរុបសម្រាប់គម្រោងនេះ ហើយ Pertamina នឹងកាន់កាប់ចំណែកដែលនៅសល់។ ជាមួយគ្នានេះដែរ នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងជួយប្រទេសឥណ្ឌូនេស៊ីយ៉ាងច្រើនក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រេងឥន្ធនៈដែលបាននាំចូល ដែលកំពុងឡើងថ្លៃ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
ប្រភពរូបភាព៖ hindustantimes,breitbart, straitstimes