អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក ថ្មីៗនេះបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ី ដោយការដំឡើងថ្លៃនេះ នឹងចាប់ផ្ដើមនៅខែក្រោយ។ ក្រុមហ៊ុន Saudi Aramco អ្នកផលិតប្រេងរបស់រដ្ឋនឹងដំឡើងតម្លៃប្រេងឆៅប្រភេទ Arab Light ក្នុងខែសីហាចំនួន ៩.៣០ដុល្លារក្នុងមួយបារ៉ែល លើសពីតម្លៃស្តង់ដារក្នុងតំបន់។
ការដំឡើងតម្លៃមកចំនួននេះ មានន័យថាតម្លៃរបស់អ្នកផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានហក់ឡើងខ្ពស់ហួសពីប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ដែលស្ទើរតែលើសពីកម្រិតខ្ពស់កាលពីមុនគឺ ៩.៣៥ ក្នុងមួយបារ៉ែលក្នុងខែឧសភា។ ជាមួយគ្នានេះដែរ វាគឺជាការកើនឡើងមួយទៀតនៃតម្លៃនៅឆ្នាំនេះ ដោយសារអ្នកផលិតប្រេងបានជួបការលំបាកក្នុងការបំពេញតម្រូវការនៅឆ្នាំនេះ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រេងរុស្ស៊ី។
គួរបញ្ជាក់ថា តម្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់អាស៊ី បានកើនឡើងជាង ៧ដុល្លារចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ នេះបើយោងតាម Bloomberg៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


