ទោះត្រូវរឹតត្បិតគ្រប់កន្លែង តែរុស្ស៊ីនៅតែអាចនាំចេញប្រេងបាន​ ហើយត្រឹមតែ ៣ខែទទួលបានចំណូលដល់ទៅ ២៤ពាន់លានដុល្លារពីការលក់ទៅឱ្យចិន និងឥណ្ឌា
សេដ្ឋកិច្ច July 11, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo​ បានឱ្យដឹងថា ត្រឹមរយៈពេលតែ ៣ខែ ប្រទេសរុស្ស៊ីអាចរកចំណូលបាន ២៤ពាន់លានដុល្លារពីការលក់ថាមពលទៅឱ្យប្រទេសឥណ្ឌា និងចិន ទោះបីជាត្រូវបានដាក់ទណ្ឌកម្មជុំទិស ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។

តាមប្រភពដដែល ប្រទេសចិនបានចំណាយប្រាក់ ១៨.៩ពាន់លានដុល្លារលើប្រេងឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេល ៣​ខែ គិតត្រឹមចុងខែឧសភា ដែលចំនួននេះ ស្ទើរតែទ្វេដងនៃចំនួនដែលខ្លួនបានទិញកាលពីឆ្នាំមុន ខណៈដែលឥណ្ឌាបានចំណាយ ៥.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។

សរុបមក រុស្ស៊ីរកបានប្រាក់ចំណូលបន្ថែមចំនួន ១៣ពាន់លានដុល្លារពីប្រទេសឥណ្ឌា និងការទិញទំនិញថាមពលរបស់ចិន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ Bloomberg Economics បានព្យាករណ៍ថា នៅឆ្នាំនេះ រុស្ស៊ីនឹងរកបាន ២៨៥ ពាន់លានដុល្លារពីការជំរុញការលក់ប្រេង និងឧស្ម័ន។ គួរបញ្ជាក់ផងដែរថា ប្រទេសចិន និងឥណ្ឌាឥឡូវនេះមានចំនួន ៥០% នៃការនាំចេញប្រេងពីសមុទ្ររបស់រុស្ស៊ី ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការឈ្លានពានដែលមិនធ្លាប់មានពីមុនមក៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo