យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ជាងកន្លះឆ្នាំមកនេះ កម្ពុជាអាចមានលទ្ធភាពផលិត និងផ្គត់ផ្គង់ជ្រូកបំពេញ តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ដែលអាចបម្រើដល់ការហូបចុក របស់ប្រជាពលរដ្ឋ ដោយមិនបាច់ មានការនាំចូលពីប្រទេសជិតខាង។
ឯកឧត្ដម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមាន ប្រសាសន៍ឱ្យដឹងថា នៅក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ កម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់សាច់ជ្រូក នៅលើទីផ្សារក្នុងស្រុកដោយខ្លួនឯងបាន ហើយនេះគឺជាលើកដំបូងសម្រាប់កម្ពុជាដែរ ដែលអាចបំពេញ តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ និងអាចបម្រើដល់ការហូបចុករបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានសុខភាពសត្វ និងសមាគមអ្នកចិញ្ចឹមសត្វ បាននិងកំពុង សហការគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងការតាមដានការលួចនាំចូលសត្វដោយខុសច្បាប់ ដើម្បីចៀសវាង មហន្តរាយ ការឆ្លងជំងឺ និងចាល់ជ្រូកជាថ្មី ខណៈដែលថ្មីៗនេះហាក់មានការចាប់ផ្តើមចាល់ និងចុះថ្លៃមួយ ចំនួនហើយ។
ឯកឧត្តមបានបន្តទៀតថា ដោយឡែកការនាំជ្រូកចូលពីបណ្តាប្រទេសជិតខាង ដែលក្រសួង កសិកម្ម និងក្រសួងសេដ្ឋកិច្ចបានបើកការប្រជុំពិនិត្យលើការដេញថ្លៃ ដើម្បីឲ្យមានការនាំចូលឡើងវិញនោះ គឺអាស្រ័យទៅលើតម្រូវការនៃការផ្គត់ផ្គង់ជាក់ស្តែងដែរ។ ក្នុងរយៈពេលដែលយើងពុំមានការនាំចូលនេះរហូតមកដល់ពេលនេះគឺប្រាំបីខែហើយ គឺជារឿង មួយដែលជោគជ័យបំផុត នៅក្នុងវិស័យចិញ្ចឹមសត្វ ដែលយើងអាចផ្គត់ផ្គង់ជ្រូកដោយខ្លួនឯង នៅក្នុង រយៈពេលប្រាំបីខែមកនេះ ហើយនៅពេលបច្ចុប្បន្ននេះ យើងនៅតែមានតែការកកស្ទះ ដែលយើងទាំង យប់ទាំងថ្ងៃ រវាងក្រុមការងាររបស់អគ្គនាយកដ្ឋាន លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីខេត្ត ក៏ដូចជាសមាគម គឺយើងបានធ្វើការរួមគ្នា តាមដានការលួចនាំចូលជ្រូកខុសច្បាប់ ដើម្បីធ្វើយ៉ាងណាក៍នាំចូលនេះដែលនាំឱ្យបំផ្លាញផលិតផលក្នុងស្រុករបស់យើង។ ខ្ញុំនិយាយបំផ្លាញគឺបំផ្លាញយ៉ាងម៉េច ទីមួយគឺកត្តាជំងឺ ទីពីរគឺកត្តាតម្លៃ ដែលយើងបានប្រឹងប្រែង បន្ទាប់ពីយើងទទួលបានអនុសាសន៍របស់សម្តេច កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ ក៏ដូចជាថ្ងៃ ទី១៤ខែកក្កដា នៅខេត្តព្រៃវែង នេះគឺយើងអនុវត្តឲ្យបានខ្ជាប់ខ្ជួន គឺថាយើងធ្វើយ៉ាងណា កាត់បន្ថយ ការនាំចូល ហើយយើងពង្រីកផលិតកម្មក្នុងស្រុករបស់យើង។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានបន្តអំពាវនាវដល់ប្រជាកសិករ ក៏ដូចជាកសិដ្ឋានចិញ្ចឹមសត្វនានា ពិសេសអ្នកចិញ្ចឹមជ្រូក និងបក្សី សូមចូលជាសមាជិកនៅក្នុងសមាគមអ្នកចិញ្ចឹមសត្វ និងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម ដើម្បីដឹងពីព័ត៌មានស្ដីពីការចិញ្ចឹម ដូចជាបរិមាណ តម្រូវការនិងតម្លៃទីផ្សារជាដើម ដើម្បីចៀសវាងកើត បញ្ហាថ្មីទៀត ពីព្រោះការចិញ្ចឹមសត្វមិនអាចចិញ្ចឹមតាមចិត្តចង់ឬមិនចង់នោះទេ ត្រូវតែមានផែនការ ច្បាស់លាស់ ៕


ប្រភព៖ ក្រសួងព័ត៌មាន


