ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលអូសបន្លាយមកទល់ពេលនេះ បានបង្កផលប៉ះពាល់ជាច្រើនដល់ប្រទេសក៏ដូចជាប្រជាជននៅលើពិភពលោក ជាពិសេសបញ្ហាឡើងថ្លៃលើប្រេង ថាមពល និងស្បៀងអាហារ។ ក្រៅពីនោះ ស្រាក្រហមមួយប្រភេទរបស់ប្រទេសបារាំងក៏នឹងត្រូវឡើងថ្លៃដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk។
ប្រជាជនជប៉ុន ដែលនិយមទទួលទានស្រា Beaujolais nouveau មកពីតំបន់ Burgundy របស់ប្រទេសបារាំង ដែលតែងតែត្រូវបានចេញលក់ជារៀងរាល់ឆ្នាំនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទីបី នៃខែវិច្ឆិកា នឹងត្រូវចំណាយកាន់តែច្រើននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ព្រោះតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង។ ក្រុមហ៊ុននាំចូលស្រាមួយក្នុងប្រទេសជប៉ុន ឈ្មោះថា Suntory បាននិយាយថា តម្លៃលក់របស់ខ្លួននៅឆ្នាំនេះទំនងជានឹងខ្ពស់ជាងឆ្នាំមុនពី ១.៤ ទៅ ២.២ ដង។
ជាក់ស្ដែង ស្រាចំណុះ ៧៥០ មីលីលីត្រដែលមានតម្លៃប្រហែល ១៨ដុល្លារមុនពេលបង់ពន្ធកាលពីឆ្នាំមុនត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហែល ២៦ដុល្លារ។ ក្រុមហ៊ុនពន្យល់ថា យន្តហោះដឹកទំនិញមិនអាចហោះហើរឆ្លងកាត់ដែនអាកាសរុស្ស៊ីបានទេ មានន័យថា ពួកគេត្រូវចំណាយពេលយូរជាងនេះដោយការវៀងផ្លូវ។ លើសពីនេះ តម្លៃប្រេងឆៅកាន់តែខ្ពស់នាំឱ្យតម្លៃប្រេងកើនឡើង៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


