មិនឱ្យចាញ់រុស្ស៊ីទេ! អ៉ីរ៉ង កំពុងបញ្ចុះតម្លៃប្រេងរបស់ខ្លួន ប្រជែងនឹងរុស្ស៊ីដើម្បីទាក់ទាញអ្នកទិញចិន
សេដ្ឋកិច្ច July 7, 2022 Khmernote

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រទេសអ៉ីរ៉ង់កំពុងទម្លាក់តម្លៃប្រេងរបស់ខ្លួន ដើម្បីប្រកួត​ប្រជែងជាមួយប្រេងរបស់រុស្ស៊ី នៅពេលដែលប្រទេសចិនបង្កើនការទិញប្រេងពីរុស្ស៊ី។ ឈ្មួញបានប្រាប់ Bloomberg ថា ប្រេងអ៉ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះ បានបញ្ចុះតម្លៃចំនួន ១០ដុល្លារក្នុងមួយបារ៉ែលក្រោមតម្លៃស្តង់ដារពិភពលោកដូចជា ប្រេងឆៅ Brent ខណៈកាលពីខែកុម្ភៈអ៉ីរ៉ង់បានបញ្ចុះតម្លៃពី ៥ ទៅ ​៦ដុល្លារក្នុងមួយបារ៉ែលរួចទៅហើយ នៅពេលរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។

មូលហេតុដែលក្រុ​ងតេអេរ៉ង់ កំពុងកាត់បន្ថយតម្លៃប្រេងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងប្រេងឆៅរបស់រុស្ស៊ីនៅក្នុងប្រទេសចិន គឺដោយសារ អ៉ីរ៉ងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងកំពុងស្វែងរកអ្នកទិញប្រេងឆៅរបស់ខ្លួន។ ជាមួយគ្នានេះ នៅពេលដែលឃើញប្រទេសចិន ទិញប្រេងរុស្ស៊ីកាន់តែច្រើនដោយសារតម្លៃទាបៗ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មពីលោកខាងលិច ទើបអ៉ីរ៉ង់បញ្ចុះតម្លៃបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ប្រទេសលោកខាងលិចបានឆ្លើយតបទៅនឹងការឈ្លានពានដោយដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ី ដែលនាំឱ្យទីក្រុងម៉ូស្គូ ដាក់តម្លៃការនាំចេញប្រេងឆៅរបស់ខ្លួនក្នុងការបញ្ចុះតម្លៃយ៉ាងគំហុក ដើម្បីស្វែងរកអ្នកទិញនៅលើទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន ប្រេងឆៅ Urals របស់រុស្ស៊ី ជួញដូរក្រោម ៩០ដុល្លារក្នុងមួយបារ៉ែល ដោយតម្លៃនេះទាបជាងប្រេងឆៅ WTI (West Texas Intermediate) ចំនួន ១៨ដុល្លារ និងទាបជាងប្រេង Brent ចំនួន ២២ដុល្លារ។

ស្ថិតក្នុងស្ថានភាពនេះ ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃ ដោយការទិញប្រេងរុស្ស៊ីជាច្រើន ហើយកាលពីខែឧសភា រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន។ ជាមួយគ្នានេះ បើយោងតាមរដ្ឋបាលគយចិន បានឱ្យដឹងថា ប្រទេសចិនបាននាំចូលប្រេងឆៅ Urals របស់រុស្ស៊ី ចំនួន ២.០២ លានបារ៉ែល ក្នុងមួយថ្ងៃក្នុងខែឧសភា ពោលគឺកើនឡើង ៥៥% ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ ខណៈប្រទេសចិនបាននាំចូលប្រេងអ៉ីរ៉ុងជាង ៧០០,០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែឧសភា និងខែមិថុនា នេះបើយោងតាម Kpler៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo