រដ្ឋាភិបាលកូរ៉េខាងត្បូង​ បើកដៃឱ្យនាំចូលសាច់ជ្រូក និងទំនិញ ៦មុខផ្សេងទៀត​ដោយមិនគិតពន្ធ ខណៈពេលប្រទេសកំពុងជួបបញ្ហាអតិផរណា
សេដ្ឋកិច្ច July 4, 2022 Khmernote

រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្ដើមមិនពន្ធលើការនាំចូលសាច់ជ្រូក ខណៈពេលដែលប្រទេសកំពុងមានបញ្ហា​អតិផរណា ដោយកាលពីថ្ងៃព្រហស្បតិ៍សាច់ជ្រូកចំនួន ៥០,០០០តោន ត្រូវបាននាំចូលប្រទេសមួយនេះក្រោមពន្ធសូន្យ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា នេះជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំដែលក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ណែនាំកូតាពន្ធលើសាច់ជ្រូក និង​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​ទំនិញ​មួយ​ចំនួន​ដោយ​មិន​បង់ពន្ធ ឬ​ក្នុង​អត្រា​ពន្ធ​ទាប​។

ជាមួយនឹងពន្ធសូន្យនេះ ក្រសួងបានព្យាករណ៍ថា តម្លៃផលិតកម្មសាច់ជ្រូកនឹងធ្លាក់ចុះដល់កម្រិតពី ១៨.៤-២០ ភាគរយ ខណៈអត្រាពន្ធលើសាច់ជ្រូកនាំចូល គឺប្រហែល ២២.៥- ២៥%។ ក្រៅពី​សាច់​ជ្រូក រដ្ឋាភិបាលកូរ៉េ​នឹង​មិន​យក​ពន្ធ​​លើ​ទំនិញ​ ៦​មុខ​ទៀត រួម​មាន ​ប្រេង​ផ្កាឈូករ័ត្ន និង​ស្រូវ​សាលី។

បើតាមអ្នកឃ្លាំមើលឧស្សាហកម្ម ការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន រួមជាមួយនឹងអតិផរណា។ គួរបញ្ជាក់ផងដែរថា សាច់ជ្រូកដែលនាំចូលពីសហរដ្ឋអាមេរិក អេស្ប៉ាញ ហូឡង់ និងសហភាពអឺរ៉ុប ត្រូវបានរួចពន្ធរួចជាស្រេចក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី លើកលែងតែសាច់នាំចូលពីប្រទេសកាណាដា ដែលត្រូវបង់ពន្ធនាំចូល ៨.៦%៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand