ថៃ ជោគជ័យលើការនាំចេញទុរេនក្នុងឆ្នាំនេះ ត្រឹមពេល ៥ខែនាំចេញទុរេនបានជាង កន្លះលានតោន
សេដ្ឋកិច្ច June 30, 2022 Khmernote

ទីប្រឹក្សា​រដ្ឋមន្រ្តីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចេញទុរេនចំនួន ៥៥០,៨៤៨តោន។ លោក Alongkorn Ponlaboot ដែលជាសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ បាននិយាយថា ការនាំចេញទុរេនចាប់ពីថ្ងៃទី១​ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមិថុនា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Alongkorn បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Nawanit Polken អគ្គនាយករងនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការផ្លែឈើថា ការនាំចេញទុរេនទទួលបានភាពជោគជ័យ ដោយសារតែការផ្គត់ផ្គង់ និងការគ្រប់គ្រងតម្រូវការប្រកបដោយប្រសិទ្ធភាព ដោយគណៈកម្មាធិការរបស់គាត់ ដែលដឹកនាំដោយរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Chalermchai Sri-on ។

ជាមួយគ្នានេះដែរ លោក Nawanit បាននិយាយថា គណៈកម្មាធិការបាននឹងកំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់ ដើម្បីធ្វើសេចក្តីព្រាងផែនការប្រតិបត្តិការសម្រាប់ខេត្តនីមួយៗ ស្របតាមផែនការអភិវឌ្ឍន៍មេរបស់គណៈកម្មាធិការ ដែលនាំឱ្យមានការនាំចេញផ្លែឈើកាន់តែច្រើន ខណៈគណៈកម្មាធិការ​បាន​រក​ឃើញ​ថា ផ្លែ​ឈើ​នឹង​ត្រូវ​ប្រមូល​ផល​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ដោយសារ​ទិន្នផល​ល្អ​ជាង និង​មាន​ចម្ការ​ធំ​ជាងឆ្នាំមុន។

គួរបញ្ជាក់ផងដែរថា ប្រទេស​ថៃ​មាន​ផ្លែឈើ​ដែលអាចរកចំណូលរាប់លានដុល្លារចូលសេដ្ឋកិច្ចប្រមាណ ៧.៣ លាន​រ៉ៃ​ ដែល​មាន​ផ្លែ​ទុរេន មង្ឃុត សាវម៉ាវ មៀន ឡុងកុង និង​ផ្លែគូលែន។ នៅឆ្នាំ២០២១ ផ្លែឈើទាំងប្រាំមួយនេះ មានផលិតកម្មរួមគ្នាចំនួន ៣.៤៤ លានតោន កើនឡើង ៧.៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ ២លានតោនត្រូវបាននាំចេញ និងបង្កើតប្រាក់ចំណូលចំនួន ១៦៨.៥៤ លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand