ប្រធានធនាគារពិភពលោក ព្រមានថា៖ “ប្រទេស​មួយ​ចំនួននឹងពិបាក ​ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច”
សេដ្ឋកិច្ច June 27, 2022 Khmernote

លោក David Malpass ប្រធានធនាគារពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្យថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្រោម “ការធ្លាក់ចុះយ៉ាងខ្លាំង” ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានព្រមានថា វានឹងពិបាកសម្រាប់ប្រទេសមួយចំនួនក្នុងការជៀសវាងពីវិបត្តិសេដ្ឋកិច្ច។

លោក Malpass បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើកាសែត CBS News ថា៖ “យើងបានឃើញកំណើនពិភពលោកធ្លាក់ចុះពាក់កណ្ដាលចាប់តាំងពីខែមករា ទាក់ទងនឹងកំណើន GDP”។ លោកបានបន្ថែមថា អតិផរណា និងកង្វះស្បៀងអាហារនៅក្នុងប្រទេសក្រីក្រកំពុងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។

ជាមួយគ្នានេះ នៅពេលសួរពីរបៀបដើម្បីជៀសវាងវិបត្តិសេដ្ឋកិច្ចសកល លោក Malpass បានឆ្លើយថា៖ “ប្រទេសខ្លះ វានឹងពិបាកធ្វើដូច្នេះ។ ខ្ញុំ​គិត​ថា ​ការ​ដឹក​នាំ​ពី​ប្រទេស​ខ្លាំង​ជាង​ គឺ​មាន​សារៈ​សំខាន់​ណាស់។ ចំណុចសំខាន់ គឺត្រូវតែមានការផលិតបន្ថែមទៀត ហើយការផលិតមានច្រើនបំផុតសម្រាប់ប្រទេសខ្លាំងបំផុត។ សហរដ្ឋ​អាមេរិក​ ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​របស់​ពិភពលោក ហើយ​អាច​បង្កើន​ការ​ផលិត​បាន​ច្រើន​ជាង​ប្រទសណាទាំងអស់”។

ទន្ទឹមនឹងនេះដែរ លោក Malpass បាននិយាយថា គាត់នឹងផ្តល់អនុសាសន៍ឱ្យធនាគារកណ្ដាល ឬ សហព័ន្ធបម្រុង (Federal Reserve) របស់សហរដ្ឋអាមេរិក ផ្តោតលើការដំឡើងអត្រាការប្រាក់ និងរឿងច្រើនទៀតលើគោលនយោបាយបទប្បញ្ញត្តិ ដែលអនុញ្ញាតឱ្យធនាគារផ្តល់ប្រាក់កម្ចីកាន់តែច្រើន និងកាត់បន្ថយផលប័ត្រមូលបត្របំណុល តាមឧត្ដមគតិការធ្វើដូច្នេះប្រាក់កាន់តែច្រើននឹងមានសម្រាប់ការផ្តល់ប្រាក់កម្ចី និងឆ្ពោះទៅរកការបង្កើនផលិតកម្ម និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់៕

អត្ថបទ៖ លីនី
ប្រភព៖ marketwatch