ក្រុមហ៊ុនកូរ៉េមួយ មានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បណ្ដុះបណ្ដាលជំនាញផលិតកម្មសត្វ និងសុខភាពសត្វ ដល់និស្សិតសកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម រួមទាំងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វ និងផលិតកម្មសត្វ។ ក្រុមហ៊ុន Orient Cam Co Ltd បានប្រកាសពីបំណងរបស់ខ្លួននៅថ្ងៃទី២៣ ខែមិថុនា ក្នុងកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនាយកប្រតិបត្តិក្រុមហ៊ុនលោក បណ្ឌិត Jae-Jin Chang។
នាឱកាសនោះ Dr. CHANG បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា ក្រុមហ៊ុនមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការបណ្តុះបណ្តាលទាក់ទងជំនាញផលិតកម្មសត្វ និងសុខភាពសត្វ ដល់និស្សិតសកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម និងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វ និងផលិតកម្មសត្វផងដែរ។
លោកបន្តថា នៅកូរ៉េមានសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បីមានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះ។ ដើម្បីឲ្យកាន់តែយល់ ដឹងឲ្យបានស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុនមានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្ត ទន្ទឹមនឹងនេះ Dr. CHANG បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី និងសហការីពាក់ព័ន្ធទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងរង់ចាំផ្តល់កិច្ចសហការឲ្យបានទូលំទូលាយ ធ្វើយ៉ាងណាឲ្យ កិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់និស្សិត មន្រ្តី និងអ្នក ចិញ្ចឹមសត្វ មានឱកាសទៅធ្វើការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសចិញ្ចឹមសត្វ មើលថែទាំសត្វ ចំណី បង្កាត់ពូជ និងជំងឺឆ្លងសត្វ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថាទាំងមន្រ្តី និស្សិត ក៏ដូចជាកសិករ នៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវ ជាច្រើន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជា។ ដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះ បណ្តាលដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។ ចំណុចសំខាន់មួយទៀត ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុនឲ្យជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វ៕





អត្ថបទ៖ លីនី


