ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា មេដឹកនាំនៃបណ្ដាប្រទេស G-7 នឹងប្រកាសពីការហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដោយសារការលុកលុយដោយមិនញញើតរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ។
មេដឹកនាំទាំងអស់បានជួបប្រជុំគ្នានៅទីក្រុង Munich ប្រទេសអាឡឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូល G-7 ចុងក្រោយនេះ ដោយលោក Biden បាននិយាយនៅលើ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា៖ “សហរដ្ឋអាមេរិកបានដាក់បន្ទុកកាន់តែធំមិនធ្លាប់មានពីមុនទៅលើលោក ពូទីន ដើម្បីកុំឱ្យទទួលបានប្រាក់ចំណូលដែល ពូទីន ត្រូវការដើម្បីផ្តល់មូលនិធិដល់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន “។
ជាក់ស្ដែង អាមេរិក រួមគ្នា G7 នឹងប្រកាស ការហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដែលជាការនាំចេញដ៏សំខាន់ ដែលប្រមូលចំណូលបានរាប់សិបពាន់លានដុល្លារសម្រាប់រុស្ស៊ី។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យក៏បានបញ្ជាក់ ពីវិធានការហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដោយនិយាយថានឹងអនុវត្តចំពោះមាសដែលបានជីកយករ៉ែថ្មីៗ និងមាសចម្រាញ់ ប៉ុន្តែមិនរាប់បញ្ចូលមាសពីប្រទេសរុស្ស៊ី ដែលត្រូវបាននាំចេញរួចហើយនោះទេ។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា បើយោងតាម Reuters បម្រាមនេះនឹងត្រូវបានប្រកាសនៅថ្ងៃអង្គារ ដោយបន្ថែមថា “ប្រធានាធិបតី Biden និងមេដឹកនាំ G-7 ផ្សេងទៀតនឹងបន្តធ្វើការ ដើម្បីឱ្យពូទីនទទួលខុសត្រូវ”។ ចំណាត់ការនេះនឹងបន្ថែមទៅលើការពិន័យជាបន្តបន្ទាប់ ដែលដាក់ដោយលោកខាងលិចមកលើរុស្ស៊ី ចាប់តាំងពីការវាយលុករបស់ខ្លួនលើអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែកុម្ភៈ ហើយទណ្ឌកម្មនេះមានគោលបំណងបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ដោយរួមបញ្ចូលការហាមឃាត់ ឬទប់ស្កាត់ការនាំចូលប្រេង និងឧស្ម័ន និងការជួញដូរជាមួយធនាគារ និងមហាសេដ្ឋីរបស់រុស្ស៊ី។
គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យចុងក្រោយបំផុតពីក្រុមប្រឹក្សាមាសពិភពលោក បានឱ្យដឹងថា ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតមាសធំបំផុតទីពីររបស់ពិភពលោក ដោយមានប្រហែល ១០% នៃទិន្នផលរបស់ពិភពលោក។ ជាមួយគ្នានេះ Reuters ក៏បានរាយការណ៍ថា ការកាន់កាប់មាសរបស់រុស្ស៊ីបានកើនឡើងបីដងចាប់តាំងពី ប្រទេសនេះបានបញ្ចូលតំបន់គ្រីមៀដោយខុសច្បាប់ក្នុងឆ្នាំ២០១៤ ហើយមាស គឺជាទ្រព្យសកម្មដ៏សំខាន់សម្រាប់ធនាគារកណ្តាលរបស់រុស្ស៊ី៕



អត្ថបទ៖ លីនី
ប្រភព៖ cnbc


