នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានដាក់ចេញគោលនយោបាយថ្មីមួយនោះគឺ “ដើមឈើសម្រាប់ប្រាក់កម្ចី” ដែលអនុញ្ញាតឱ្យកសិករ ឬ ប្រជាពលរដ្ឋដាំដើមឈើដែលមានតម្លៃ ទុកជាវត្ថុបញ្ចាំដើម្បីទទួលប្រាក់កម្ចីពីធនាគារ។ ចំពោះដើមឈើ ដែលមានតម្លៃ និងអាចយកមកធ្វើជាវត្ថុបញ្ចាំបានរួមមាន៖ ដើមឈើទាក,ដើមអម្ពិល,ដើម ebony,ដើម Burmese ebony ,ដើមទុរេន និងដើមខ្នុរ។
អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ប្រាយុធ បានដឹងពីភាពជោគជ័យនៃគោលនយោបាយនេះ ពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម ដែលបាននិងកំពុងអប់រំមេដឹកនាំសហគមន៍ជនបទ និងសហគ្រាសសហគមន៍អំពីអត្ថប្រយោជន៍នៃការដាំដើមឈើមានតម្លៃ។
លោកស្រីបានបន្ថែមថា៖ ” គម្រោងដាំដើមឈើនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់លោក ប្រាយុធ ក្នុងការជំរុញតំបន់បៃតងនៅក្នុងប្រទេស ក៏ដូចជាផ្តល់ឱ្យអ្នកភូមិនូវមធ្យោបាយនៃការទទួលបានប្រាក់កម្ចីផងដែរ “។ ជាមួយគ្នានេះ នាយកដ្ឋានដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងពាណិជ្ជកម្មបាននិយាយថា អ្នកភូមិកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងនេះ។
គិតត្រឹមថ្ងៃទី២០ ខែឧសភា ដើមឈើចំនួន ១៤៦,០០០ដើម ត្រូវបានចុះបញ្ជីជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចីដែលមានតម្លៃ ១៣៧ លានបាត (ប្រមាណ ៣.៨លានដុល្លារ)។ ក្នុងនោះមាន ៣១៨ដើម បានចុះបញ្ជីជាមួយធនាគារកសិកម្ម និងសហករណ៍កសិកម្មសម្រាប់កម្ចីតម្លៃ ៣លានបាត (ប្រមាណ ៨ម៉ឺនដុល្លារ) ខណៈចំនួន ២៣,០០០ ដើមបានចុះជាមួយធនាគារ Krung Thai ក្នុងតម្លៃ ១២៨ លានបាត (ប្រមាណ ៣.៦លានដុល្លារ) និង ១២០,០០០ដើម ជាមួយអង្គការហិរញ្ញវត្ថុតូចតម្លៃ ៦លានបាត (ប្រមាណ ១៦ម៉ឺនដុល្លារ)៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


