យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ បានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ការនាំចេញអង្ករក្នុងឆ្នាំ ២០២២នេះ អាចសម្រេចបានចន្លោះពី ៧០ ទៅ៧៥ ម៉ឺនតោន មានកំណើនជាង ១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១។
មានប្រសាសន៍ក្នុងពិធី សម្ពោធម៉ាកសមូហភាព អង្ករក្រអូប និងអង្ករដំណើប នាព្រឹកថ្ងៃទី២៣ មិថុនា ២០២២ លោក ហ៊ុន ឡាក់ ប្រធានក្រុម ប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ត្រឹមសប្តាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានចំនួនប្រមាណជាង ៣១ម៉ឺនតោន មានកំណើន ២១.៧៣ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ២០២១។
« បើតាមការព្យាករ ណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២២ ការនាំចេញអាចនឹងមានកំណើន ជាង១០ម៉ឺនតោន ធៀបនឹងឆ្នាំ២០២១ ពោលគឺចន្លោះពី ៧០ ទៅ៧៥ម៉ឺនតោន» ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូប មាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។
លើសពីនេះក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចាំបាច់ ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការ ចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។ល។ ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួមពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូអនុស្សាវរីយ៍ផ្ដល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ។
គួររម្លឹកដែរថា តាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់កម្ពុជា ដោយឆ្នាំ២០២២នេះ កម្ពុជាទទួលបានកូតានាំអង្ករទៅប្រទេសចិន ចំនួន៤០ម៉ឺនតោន៕




ប្រភព៖ ក្រសួងព័ត៌មាន


