ផ្លូវជាតិលេខ៤ បន្តិចទៀតស្រួលជិះហើយ ខណៈគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំដែលចំណាយ ១១០លានដុល្លារសម្រេចបាន ១៥%ហើយ
សេដ្ឋកិច្ច June 23, 2022 Khmernote

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា គិតមមកទល់ពេលនេះ គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ដែលត្រូវបែងចែកជា ៧កញ្ចប់សាសង់ ក្នុង ៣កញ្ចប់សម្រេចបាន ១៥%ហើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងនៅក្នុង ឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃពុធ ទី២២ ខែមិថុនា នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្នុងថវិកាចំនួន ១១០លានដុល្លារនេះត្រូវបានបែងចែកចេញជាការងារចំនួន ៧កញ្ចប់ ក្នុងនោះ ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយមានការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈមកសាងសង់ ឯចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសក្រុមហ៊ុនដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន៨កន្លែង។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងគុណភាពនៃការស្ថាបនាពង្រីកកំណត់ផ្លូវជាតិលេខ៤នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញជំនឿថា៖ ការស្ថាបនាពង្រីកផ្លូវនេះ នឹងមានគុណភាព ល្អប្រសើរអាចទទួលយកបាន ដោយហេតុថា ស្រទាប់គ្រឹះតួផ្លូវនៅចំកណ្ដាលមានគុណភាពល្អស្រាប់ ដោយយើងគ្រាន់តែស្ថាបនាពង្រីកសងខាងផ្លូវ ហើយអ៊ុតបេតុកៅស៊ូ(AC)បន្ថែមតែប៉ុណ្ណោះ និងបានឱ្យ ដឹងផងដែរថា៖ ក្រសួងបានធ្វើតេស្តគុណភាពជាច្រើនកន្លែង មានមួយកន្លែងសាងសង់មិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិនិត្យកែតម្រូវឡើងវិញ រកនីតិវិធីសាងសង់ឱ្យបាន ត្រឹមត្រូវដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។ ទន្ទឹងជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យក្រុមហ៊ុនបង្កើនល្បឿននៃការស្ថាបនាពង្រីកផ្លូវនេះឱ្យចប់ផែនការដែលបានគ្រោងទុកផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា៖ ក្រុមការងារបច្ចេកទេសរបស់ក្រសួងនឹងបន្តចុះមកត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវនេះថែមទៀត ដោយក្រសួងមានសម្ភារៈឧបករណ៍គ្រប់គ្រាន់ក្នុងការពិនិត្យតាមដានលើគុណភាពនៃការស្ថាបនាពង្រីកកំណាត់ផ្លូវនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីលក្ខណៈបច្ចេកទេសស្ថាបនាផ្លូវខុសគ្នាពីផ្លូវ មួយទៅផ្លូវមួយ អាស្រ័យលើស្ថានភាពភូមិសាស្ត្រ កម្រិតថវិកាដែលមាន និងចំនួនរថយន្តធ្វើដំណើរឆ្លងកាត់ ជាឧទាហរណ៍ផ្លូវជាតិលេខ៤៨ យើងចាក់បេតុងកៅស៊ូត្រឹមតែ៧សង់ទីម៉ែត្រប៉ុណ្ណោះ ដោយសារចំនួនរថយន្តបើកលើផ្លូវជាតិលេខ៤៨មានចំនួនតិចជាងរថយន្តដែលបើកលើផ្លូវជាតិលេខ៥ ដែលជាផ្លូវឆ្អឹងខ្នងសេដ្ឋកិច្ចយ៉ាងសំខាន់របស់ជាតិយើង ជាផ្នែកមួយរបស់ផ្លូវអាស៊ានហាយវេលេខមួយ តភ្ជាប់ប្រទេសថៃ មកកម្ពុជា ទៅវៀតណាម តាមផ្លូវជាតិលេខមួយ ដូច្នេះផ្លូវនេះត្រូវលើកកម្រិតគុណភាពតាមចំនួនរថយន្តដឹកទំនិញធុនធ្ងន់។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ៕

អត្ថបទ៖ លីនី