កម្ពុជា ត្រូវការប្រមាណ ៥០ពាន់​លានដុល្លារ ដើម្បីអភិវឌ្ឍន៍ គម្រោងសំខាន់ៗប្រមាណ ៣៣០គម្រោង
សេដ្ឋកិច្ច June 17, 2022 Khmernote

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសកម្ពុជា ត្រូវការថវិកាប្រមាណ ៥០ពាន់​លានដុល្លារ ដើម្បីដំណើរការគម្រោងសំខាន់ៗប្រមាណ ៣៣០គម្រោង។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការមេលើការកែសម្រួលផ្លូវថ្នល់ ការពង្រីកនិងលើកកម្រិតគុណភាពផ្លូវពីរគន្លងទៅបួនគន្លង ការបង្កើនការតភ្ជាប់ទៅគ្រប់ច្រកល្ហកសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ការរៀបចំផែនការមេភស្តុភារកម្មដែលរួមមានគម្រោងប្រមាណ ៣៣០គម្រោង ត្រូវការទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារ រួមទាំងការរៀបចំរហដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមច្រកទ្វាព្រំដែនអន្តរជាតិជាមួយប្រទេសជិតខាងសំដៅជំរុញការដឹកជញ្ជូន និងការធ្វើចរាចរណ៍ឆ្លងកាត់មានភាពងាយស្រួល ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស កាត់បន្ថយចំណាយភស្តុភារកម្ម និងដឹកជញ្ជូន និងទាក់ទាញវិនិយោគផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរាជទូតពិចារណា លទ្ធភាពលើការចុះអនុស្សរណៈយោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុនជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឱ្យបានច្រើនសំដៅចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

គួរបញ្ជាក់ថា ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូត បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជានៅគ្រប់ច្រកល្ហក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់អំពីបច្ចុប្បន្នភាពនៃគម្រោងសាងសង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា៕

អត្ថបទ៖ លីនី