ក្រៅពីចិន និងឥណ្ឌា អាហ្រ្វិកខាងត្បូង កំពុងគិតគូរទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកៗ ដើម្បីដោះស្រាយវិបត្តិថាមពលរបស់ប្រទេស
សេដ្ឋកិច្ច June 17, 2022 Khmernote

អាហ្រ្វិកខាងត្បូងបាននិយាយថា ខ្លួនកំពុងគិតគូរពីការនាំចូលប្រេងពីប្រទេសរុស្ស៊ី ដើម្បីជួយដោះស្រាយអតិផរណាថាមពលដែលកំពុងកើនឡើង។ លោក Gwede Mantashe រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​របស់​អាហ្វ្រិក​ខាង​ត្បូង នៅ​ក្នុង​សភា​​បាននិយាយថា៖ “យើង​គួរ​ពិចារណា​ការ​នាំ​ចូល​ប្រេង​ឆៅ​ ពី​រុស្ស៊ី​ក្នុង​តម្លៃ​ទាប​ព្រោះ​វា​មិន​ត្រូវ​បាន​ដាក់​ទណ្ឌកម្មឡើយ”។

ដូចប្រទេសជាច្រើនជុំវិញពិភពលោកដែរ អាហ្រ្វិកខាងត្បូងកំពុងប្រយុទ្ធនឹងការកើនឡើងអតិផរណា ដោយតម្លៃទំនិញប្រើប្រាស់បានកើនឡើង ៥.៩% នៅក្នុងខែមេសា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ នេះបើយោងតាមនាយកដ្ឋានស្ថិតិផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ ជាក់ស្ដែងតម្លៃប្រេងឥន្ធនៈ “នៅតែបន្តកើនឡើង និងជះឥទ្ធិពលដល់អ្នកប្រើប្រាស់ក្នុងខែមេសា ឆ្នាំ២០២២” និងខ្ពស់ជាងឆ្នាំមុន ២៩.២%។

ជាមួយគ្នានេះដែរ មកដល់ពេលនេះ តម្លៃប្រេងបានហក់ឡើងជាង ៦០% ដែលមួយផ្នែកជំរុញដោយកង្វះខាតដែលរំពឹងទុក លើការផ្គត់ផ្គង់របស់រុស្ស៊ី និងមួយផ្នែកទៀតដោយសារឧបសគ្គនៃសមត្ថភាពផលិតនៅក្នុងក្រុមហ៊ុននាំចេញធំៗ ដោយសារតម្រូវការកើនឡើង។ គួរបញ្ជាក់ផងដែរថា អាហ្រ្វិកខាងត្បូងនាំចូលប្រហែល ៦០% នៃតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន នេះបើយោងតាម ​​Bloomberg។ ប្រទេសនេះនាំចូលប្រេងភាគច្រើនពីបណ្តាប្រទេស OPEC រួមទាំងនីហ្សេរីយ៉ា និងអារ៉ាប៊ីសាអូឌីត៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo