ធនាគារកណ្ដាលនៃប្រទេសឡាវ គ្រោងនឹងហាមប្រាមសាធារណជនពីការកាន់កាប់រូបិយប័ណ្ណបរទេស ដើម្បីដោះស្រាយបញ្ហាដូចជាអតិផរណា និងការធ្លាក់ថ្លៃប្រាក់គីប។ កាសែត Laotian Times កាលពីថ្ងៃទី១៤ ខែមិថុនា ថ្មីៗនេះ បានរាយការណ៍ថា ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសឡាវ លោក Sonexay Sitphaxay បានសន្យាថា នឹងដោះស្រាយបញ្ហាប្តូរប្រាក់បរទេសក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែឧសភា។
លោកអភិបាលបានទទួលស្គាល់ ពីការព្រួយបារម្ភជាសាធារណៈទាក់ទង នឹងស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស ដោយលើកឡើងថា ធនាគារកណ្តាលនឹងចាប់ផ្តើមគោលនយោបាយផ្សេងៗគ្នា ដើម្បីធានាថា រូបិយប័ណ្ណបរទេសចូលមកក្នុងសេដ្ឋកិច្ចឡាវក្នុងបរិមាណសមស្របមួយ។
ជាមួយគ្នានេះក្រៅពីផែនការហាមឃាត់ការកាន់កាប់រូបិយប័ណ្ណបរទេសជាសាធារណៈ ធនាគារគ្រោងនឹងចេញសញ្ញាប័ណ្ណពិសេសដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីកាត់បន្ថយចរាចរសាច់ប្រាក់។
ធនាគារកណ្តាលឡាវនិយាយថា ខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសន្តិសុខសាធារណៈ ដើម្បីបង្ក្រាបភ្នាក់ងារ ឬបុគ្គលណាមួយដែលពាក់ព័ន្ធនឹងសកម្មភាពប្តូរប្រាក់ខុសច្បាប់ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ ធនាគារក៏នឹងធ្វើឱ្យប្រសើរឡើងនូវដំណើរការគ្រប់គ្រង និងផ្គត់ផ្គង់រូបិយប័ណ្ណបរទេសទាក់ទងនឹងការនាំចូលទំនិញចាំបាច់ផងដែរ។ លើសពីនេះទេសាភិបាលធនាគារកណ្តាលបានទទូចថាពួកគេនឹងបន្តសម្របសម្រួលវិធានការ ដើម្បីធានាថារូបិយប័ណ្ណបរទេសត្រូវបានដំណើរការក្រោមប្រព័ន្ធធនាគារនិងវិធានការរបស់រដ្ឋាភិបាល៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger


