ខេត្តព្រះសីហនុ ហាក់កំពុងត្រូវប៉ាន់ខ្លាំង ដោយនាពេលថ្មីៗនេះ នេះទាក់ទាញគម្រោងវិនិយោគទាំងតូច ទាំងធំ មិនចេះដាច់ឱ្យចូលវិនិយោគនៅក្នុងខេត្ត។ យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៣បន្ថែមទៀត បានបោះទុនចូលវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុប ១៨.៨លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋបាន ១៤៥០នាក់។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “AMTO CHEMICAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
២- “Kai Feng Wood Products (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៦,៦លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៣- “MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០ នាក់៕





អត្ថបទ៖ លីនី


