អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើង ៨.៦% នៅក្នុងខែឧសភា ដែលជាកើនឡើងលឿនបំផុតក្នុងរយៈពេល ៤១ឆ្នាំ។ ការកើនឡើងនេះ បានធ្វើឱ្យតម្លៃទំនិញមួយចំនួន ឡើងថ្លៃជាងទំនិញផ្សេងទៀតក្នុងនោះមាន ស៊ុត សំបុត្រយន្តហោះ និងកាហ្វេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Businessinsider។
ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ពីការិយាល័យស្ថិតិការងារបង្ហាញថា ទំនិញមួយចំនួនបានកើនឡើងច្រើនជាង ៥០% នៅក្នុងឆ្នាំមុន។ ផលិតផលដែលប្រើប្រាស់សាំង បានឡើងថ្លៃលឿនបំផុតក្នុងឆ្នាំកន្លងទៅ ដោយសារការផ្គត់ផ្គង់ថាមពលដ៏តឹងរ៉ឹង។ ទន្ទឹមនឹងនេះ របស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជាពិសេសអាហារពេលព្រឹកខ្លះ ក៏បានកើនឡើងច្រើនជាងមធ្យម ៨.៦% ដែលបង្ហាញពីភាពតានតឹងរបស់អ្នកប្រើប្រាស់។
ជាក់ស្ដែង តម្លៃស៊ុតបានកើនឡើង ៣៦.២% នៅក្នុងឆ្នាំមុន បន្ទាប់មក កាហ្វេ បានកើនឡើង ២៨.៩% ខណៈសំបុត្រយន្តហោះបានកើនឡើង ៣៨.៨% ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយសារការកើនឡើងនៃតម្រូវការសម្រាប់ការធ្វើដំណើររួមជាមួយនឹងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ និងកង្វះកម្លាំងពលកម្ម។
ទោះជាយ៉ាងណាក្ដី អ្នកលក់រាយរួមទាំង Target និង Walmart កំពុងដោះស្រាយជាមួយនឹងភាគហ៊ុនជាច្រើន ដែលត្រូវបានគេរំពឹងថា នឹងនាំឱ្យមានការបញ្ចុះតម្លៃ ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅតែរំពឹងថា ការចំណាយរបស់អតិថិជននឹងនៅតែកើនឡើងដោយជៀសមិនរួចដដែល៕


អត្ថបទ៖ លីនី
ប្រភព៖ businessinsider


