កសិករដាំទុរេននៅថៃ រីកមុខរីកមាត់ ខណៈដំណាំទុរេនរបស់ពួកគេត្រូវតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់ការនាំចេញទៅប្រទេសចិន
សេដ្ឋកិច្ច June 11, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ទុរេនថៃត្រូវតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់ការនាំចេញទៅប្រទេសចិន។ កសិករដាំទុរេននៅប្រទេសថៃ ត្រូវបានសាទរចំពោះការយកចិត្តលើការអនុវត្តកសិកម្មល្អ (GAP) ដែលស្របតាមគោលនយោបាយ “Zero-Covid” របស់ប្រទេសចិន។

កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang បានទៅទស្សនាចម្ការទុរេន ដែលជាកម្មសិទ្ធិរបស់ប្រធានសមាគមធុរេនថៃ Phanusak Saiphanich ដើម្បីមើលថាតើមានវិធានការអ្វីខ្លះ ដើម្បីការពារផ្លែឈើពីការបំពុល។

ក្នុងនោះ Han លោករំពឹងថា ការនាំចេញទុរេនរបស់ថៃនឹងកើនឡើង ខណៈដែលអ្នកលក់អាចប្រើប្រាស់ផ្លូវដែកឡាវ-ចិន។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា ទាំង​ប្រទេស​ចិន និង​ថៃ​គួរ​តែ​ពន្លឿន​ការ​សាងសង់​ផ្លូវ​រថភ្លើង​ផ្ទាល់​ដើម្បី​ឲ្យ​វា​កាន់​តែ​ងាយស្រួល និង​ថោក​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ។

គួរបញ្ជាក់ផងដែរថា ប្រទេស​ថៃ​បាន​នាំ​ចេញ​ទំនិញ​កសិកម្ម​ដែល​មាន​តម្លៃ ១១,៣ ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០២១ កើនឡើង ៣៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០។ ក្នុង​ចំណោម​ការ​នាំ​ចេញ ផលិតផល​ទុរេន​មាន​ចំនួន ៥,៤៣ ពាន់​លាន​ដុល្លារ កើន​ឡើង ៨៧ ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand