យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាល ត្រៀមសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញជាប់នឹងស្ទឹងព្រែកត្នោតដើម្បីពង្រីកសមត្ថភាពផលិតនិងចែកចាយទឹកស្អាតបម្រើដល់ការផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្តត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត នៅសង្កាត់បឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាបណ្តោះអាសន្ន ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់វត្តស្លែង និងសង្កាត់ភ្លើងឆេះរទេះ។
ឯកឧត្តម អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តថា ការសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដា ឬកញ្ញា ឆ្នាំ២០២២នេះ ហើយគ្រោងដាក់ឱ្យដំណើរការនៅត្រីមាសទី១ ឬត្រីមាសទី២ ឆ្នាំ២០២៤ ខណៈដែលតាមផែនការតំបន់នេះត្រូវមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០៣០ ឯណោះ។
« យើងត្រូវសាងសង់រោងចក្រមួយទៀតនៅបឹងធំ នៅតំបន់សេដ្ឋកិច្ចពិសេសដែល យកទឹកពីស្ទឹងព្រែកត្នោត ដែលមានបរិមាណផលិត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បណ្តោះអាសន្ន ដើម្បីធានាការផ្គត់ផ្គង់ឱ្យតំបន់ វត្តស្លែងជាពិសេសតំបន់សង្កាត់ភ្លើងឆេះរទេះ ដែលមិនដែលមានទឹកប្រើទេតំបន់នេះ ហើយគម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅក្នុងខែ៨ឬ៩ក្នុងឆ្នំានេះ »។
សូមបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានខិតខំប្រឹងប្រែងក្នុងការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ ដោយបានខិតខំរកដៃគូអភិវឌ្ឍន៍ ដែលមានដូចជាប្រទេសបារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើម ដើម្បីពង្រីករោងចក្របន្ថែមទៀត រួមមាន នៅបាក់ខែង ទាំង៣ជំហាន មានសមត្ថភាពផលិត ៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលក្នុងនោះ ជំហានទី១៖ សម្រេចបាន ៦៥% ជំហានទី២៖ សម្រេចបាន ៣៥%និងជំហានទី៣៖ បានផ្ញើលិខិតស្នើសុំរួចរាល់ទៅស្ថានទូត បារាំង។ តំបន់បឹងធំ៖ មានសមត្ថភាពផលិត ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ កំពុងស្នើសុំហិរញ្ញប្បទានទៅស្ថានទូតជប៉ុន។ តំបន់តាខ្មៅ៖ មានសមត្ថភាពផលិត ៣០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ កំពុងដំណើរការសាងសង់ ភូមិព្រែកជំហានទី៣៖ មានសមត្ថភាពផលិត ៤៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ២០២២ ខាងមុខនេះ ។ តំបន់និរោធ ជំហានទី៣៖ មានសមត្ថភាពផលិត ១៣០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ បានផ្ញើលិខិតរួចរាល់ ទៅ JICA ។ តំបន់កោះនរា៖ មានសមត្ថភាពផលិត ១៥០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ មិនទាន់មានប្រភពថវិកា ព្រលានយន្តហោះក្រុងតាខ្មៅ៖ មានសមត្ថភាពផលិត ៣០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ កំពុងរៀបចំលិខិតស្នើសុំ។ តំបន់ខ្សាច់កណ្ដាល៖ មានសមត្ថភាពផលិត ១០០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ កំពុងរៀបចំលិខិតស្នើសុំ។ តំបន់តាមោក៖ មានសមត្ថភាពផលិត ២០០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ មិនទាន់មានប្រភពថវិកា និងតំបន់ភូមិព្រែកជំហានទី១៖ មានសមត្ថភាពផលិត ១០០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បានផ្ញើលិខិតស្នើសុំ ទៅ JICA សាងសង់ឡើងវិញ៕


ប្រភព៖ ក្រសួងព័ត៌មាន


