ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាប្រទេសវៀតណាមហាក់ត្រូវប៉ាន់ខ្លាំង ដោយក្រុមហ៊ុនបរទេសទាំងតូច-ធំជាច្រើនបាននាំគ្នាបោះទុនចូលវិនិយោគភ្លូកទឹកភ្លូកដី ហើយថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអឺរ៉ុបជាច្រើនឱ្យផ្លាស់ប្ដូរកន្លែងផលិតពីប្រទេសចិនមកវៀតណាមផងដែរ។
ដូច្នេះតើវៀតណាមមានចំនុចពិសេសអ្វីទៅ ហើយប្រទេសចិនមានចំណុចខ្វះខាតអ្វីដែរ ទើបបានជាក្រុមហ៊ុនទាំងនោះ នាំគ្នាដើរចេញពីប្រទេសចិន ងាកទៅរកវៀតណាម ហើយមើលរំលងប្រទេសជាច្រើននៅតំបន់អាស៊ី។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបកំពុងស្វែងរកជម្រើសជំនួសប្រទេសចិនដោយហេតុផលជាច្រើន ក្នុងនោះហេតុផលធំៗរួមមាន៖
-អត្រាប្រាក់ឈ្នួល៖ ប្រាក់ឈ្នួលនៅចិនបានកើនឡើង ដែលធ្វើឲ្យប្រទេសចិនមិនសូវចាប់អារម្មណ៍ចំពោះក្រុមហ៊ុនផលិតដែលមានតម្លៃទាប ខណៈប្រាក់ឈ្នួលនៅវៀតណាមមានតម្លៃទាប ហើយនៅទីនោះប្រជាជនវណ្ណៈកណ្តាលលូតលាស់លឿន។ រដ្ឋាភិបាលកុម្មុយនិស្តក៏កំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ។
-ភូមិសាស្ត្រនយោបាយ៖ ទំនាក់ទំនងរបស់ចិនជាមួយរដ្ឋាភិបាលអឺរ៉ុបកាន់តែយ៉ាប់យ៉ឺននៅក្នុងឆ្នាំ២០២១ នៅពេលដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនចំពោះការប្រព្រឹត្តចំពោះជនជាតិភាគតិច Uyghur មូស្លីមនៅក្នុងតំបន់ Xinjiang ។ ចំណែកឯសហភាពអឺរ៉ុប និងវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឆ្នាំ ២០២០ ដែលរួមមានកតិកាសញ្ញាវិនិយោគ កិច្ចព្រមព្រៀងការពារការវិនិយោគ EU-Vietnam (EVIPA)។ របាយការណ៍មួយរបស់ Germany Trade & Invest ដែលជាវេទិកាស្រាវជ្រាវ និងប្រឹក្សាយោបល់ ចង្អុលបង្ហាញថា កតិកាសញ្ញាទាំងនេះក៏ផ្តល់ឱ្យក្រុមហ៊ុនអឺរ៉ុបមានភាពងាយស្រួលក្នុងការចូលទៅកាន់លទ្ធកម្មសាធារណៈនៅក្នុងប្រទេសវៀតណាមផងដែរ។
-គោលនយោបាយ “សូន្យ-កូវីដ”៖ នៅឆ្នាំ២០២២ គោលនយោបាយ “សូន្យ-កូវីដ” ដែលកំពុងបន្តរបស់ទីក្រុងប៉េកាំងបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកមានភាពច្របូកច្របល់ ខណៈដែលផលិតកម្មជាច្រើននៅតែស្ថិតក្នុងទីក្រុងដែលជាប់គាំង។
ក្រៅពីចំណុចខាងលើ វៀតណាមបានក្លាយជាទិសដៅទាក់ទាញជាងមុនសម្រាប់អ្នកវិនិយោគ នេះបើយោងតាមលោក Raphael Mok នាយកប្រចាំតំបន់អាស៊ី។ វៀតណាម គឺជាប្រទេសមួយក្នុងចំនោមប្រទេសអាស៊ីមួយចំនួន ដែលមិនជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចអំឡុងពេលជំងឺរាតត្បាតនៃមេរោគឆ្លងក្នុងឆ្នាំ២០២០ និង២០២១។ នៅឆ្នាំនេះ GDP របស់វៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ៥.៥% នេះបើយោងតាមធនាគារពិភពលោក។
ដំណើរការសេដ្ឋកិច្ចរបស់វៀតណាមក្នុងអំឡុងពេល និងក្រោយជំងឺរាតត្បាតនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអឺរ៉ុបធំៗមួយចំនួន។ ជាក់ស្ដែងក្រុមហ៊ុនផ្គត់ផ្គង់រថយន្តអាល្លឺម៉ង់ Brose ដែលមានរោងចក្រចំនួន ១១នៅក្នុងប្រទេសចិន បច្ចុប្បន្នកំពុងសម្រេចចិត្តរវាងប្រទេសថៃ និងវៀតណាមសម្រាប់ទីតាំងផលិតកម្មថ្មីមួយ។ ទន្ទឹមនឹងនោះ កាលពីខែធ្នូ ក្រុមហ៊ុន Lego របស់ប្រទេសដាណឺម៉ាកបានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារអាមេរិក នៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងទីក្រុងហូជីមិញ ដែលជាគម្រោងវិនិយោគដ៏ធំបំផុតរបស់អឺរ៉ុបមួយនៅក្នុងប្រទេសវៀតណាមរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


