គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ នឹងផ្ដល់ផលចំណេញយ៉ាងច្រើន
សេដ្ឋកិច្ច June 10, 2022 Khmernote

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុងហូជីមិញ នឹងផ្ដល់ផលចំណេញយ៉ាងច្រើន និងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន និងកាត់បន្ថយចំណាយ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ស្តីពីការដាក់ឱ្យដំណើរការសាក ល្បងផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងប្រាំឆ្នាំរំកិលដែលបានដាក់ស្នើទៅមិត្តចិន ក្នុងនោះរួមមាន គម្រោងសាងសង់ផ្លូវបាត់ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវកំពង់ធំ-កំពង់ឆ្នាំង គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ម៉ុកបៃ (ព្រំដែនវៀតណាម) គម្រោងសិក្សា ធ្វើទំនើបកម្មផ្លូវដែកកម្ពុជា និងប្រព័ន្ធដឹក ជញ្ជូនសាធារណៈ ដូចជា គម្រោងសិក្សារថភ្លើងក្រោមដី ប្រព័ន្ធរថភ្លើងអាកាស (Monorail) និងប្រព័ន្ធរថភ្លើងគ្មានអ្នកបើក (AGT) ដើម្បីបញ្ចៀសការកកស្ទះ ចរាចរណ៍ដែលជាបញ្ហាកង្វល់ដ៏ធំក្នុងរាជធានីភ្នំពេញ ដើម្បីរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីពិនិត្យលទ្ធភាពរកថវិកាសាងសង់ជម្រើសណាមួយដែលសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងដ៏ធំមួយទៀត គឺគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតភ្ជាប់រវាងកម្ពុជា និងវៀតណាម គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញទៅក្រុង ហូជីមិញ ដែលជាគម្រោងដ៏ធំមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា ដែលអាចផ្ដល់ផលចំណេញយ៉ាងច្រើនកាត់បន្ថយពេល វេលា កាត់បន្ថយតម្លៃដឹកជញ្ជូន និងនីតិវិធីគ្រប់បែបផងដែរ។

ទាក់ទងនឹងជំនួយរបស់ចិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ចំពោះជំនួយជាប្រាក់កម្ចីសម្បទាន ការប្រាក់ទាបរបស់មិត្តចិន ដែលអនុញ្ញាតឱ្យកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនខ្វាត់ខ្វែងគ្រប់ទីកន្លែងទាំងអស់ដើម្បីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋធូរធារ និងល្អជាងមុន សេដ្ឋកិច្ចជាតិមាន ការរីកចម្រើន អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ និងបានបង្ហាញ ជំនឿយ៉ាងមុតមាំថា មិត្តចិននឹងនៅបន្តផ្ដល់ជំនួយឥតសំណង ក៏ដូចជាប្រាក់កម្ចីការ ប្រាក់ទាប ដើម្បីអនុវត្តគម្រោងកសាងផ្លូវស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន