ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទ ទី០៦ ខែមិថុនា ម្សិលមិញនេះថា ខ្លួននឹងទទួលបានប្រាក់ចំណេញកាន់តែច្រើនពីការនាំចេញថាមពលនៅឆ្នាំនេះ ចំពេលដែលតម្លៃនៅតែបន្តកើនឡើងដោយសារគោលនយោបាយពីលោកខាងលិច។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ស្ថានីយទូរទស្សន៍ Bosnian Serb កាលពីថ្ងៃសៅរ៍ថា៖ “ដោយពិចារណាលើកម្រិតតម្លៃដែលបានកើនឡើង ដោយសារគោលនយោបាយរបស់បស្ចិមប្រទេស យើងមិនបានទទួលរងការខាតបង់ថវិកាទេ”។
លោកបានបន្តថា “ផ្ទុយទៅវិញនៅឆ្នាំនេះ យើងនឹងបង្កើនប្រាក់ចំណេញយ៉ាងច្រើន ពីការនាំចេញធនធានថាមពលរបស់យើង។ ជាទូទៅប្រេងមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ មានតម្រូវការសម្រាប់វា… ហើយយើងមានទីផ្សារលក់ជំនួសដែលយើងកំពុងបង្កើនការលក់”។
គួរឱ្យដឹងថា ប្រទេសរុស្ស៊ីបានរងការវាយប្រហារដោយការដាក់ទណ្ឌកម្មកាន់តែខ្លាំងចាប់តាំងពីខ្លួនបានឈ្លានពានអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូនៅតែអាចប្រមូលចំណូលបាន ៨០០លានដុល្លារក្នុងមួយថ្ងៃពីប្រេង និងឧស្ម័ននៅឆ្នាំនេះ ចំពេលតម្លៃថាមពលកើនឡើង នេះបើយោងតាមរបាយការណ៍របស់ Bloomberg Economics កាលពីសប្តាហ៍មុន។ Bloomberg ព្យាករណ៍ថា ការកើនឡើងនៃតម្លៃថាមពលអាចនាំការលក់ប្រេង និងឧស្ម័នរបស់រុស្ស៊ីឈានដល់ ១៨៥ពាន់លានដុល្លារនៅឆ្នាំនេះ នោះគឺខ្ពស់ជាងការយកប្រេង និងឧស្ម័ន ២០% គឺក្នុងចំនួន ២៣៥.៦ ពាន់លានដុល្លាររបស់ប្រទេសក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះ កាលពីថ្ងៃទី៣០ ខែឧសភា សហភាពអឺរ៉ុបបានយល់ព្រមកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីចំនួន ៩០% ត្រឹមដំណាច់ឆ្នាំនេះ ប៉ុន្តែប្រទេសមួយចំនួនក្នុងក្រុម រួមទាំងប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់អឺរ៉ុប នៅតែបន្តពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី។ មិនតែប៉ុណ្ណោះប្រទេសចិន និងឥណ្ឌា ក៏កំពុងទិញប្រេងពីរុស្ស៊ីដែលបញ្ចុះតម្លៃដែរ ដែលធ្វើឲ្យប៉ះពាល់ដល់ទណ្ឌកម្មអន្តរជាតិ។
ជាងនេះទៅទៀតនោះ រដ្ឋាភិបាលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិងកំពុងបន្តរក្សារហូតមកដល់ពេលនេះ ខណៈដែលតម្លៃប្រេងបានកើនឡើងប្រហែល ៥០% នៅឆ្នាំនេះ ហើយកំពុងជួញដូរក្នុងកម្រិតខ្ពស់មិនធ្លាប់មានរយៈពេល ១៣ឆ្នាំ ចំពេលការផ្គត់ផ្គង់ដ៏តឹងតែងដែលបង្កឱ្យមានសង្រ្គាម ជាមួយនឹងការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការនៅពេលដែលជំងឺរាតត្បាតបានធូរស្រាល៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


