យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញសេចក្ដីប្រកាសមួយនៅថ្ងៃច័ន្ទ នេះ ដែលនឹងអនុញ្ញាតឱ្យនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសថៃ ម៉ាឡេស៊ី កម្ពុជា និងវៀតណាម ទៅកាន់សហរដ្ឋអាមេរិក ដោយមិនមានការបង់ពន្ធសម្រាប់រយៈពេល ២៤ខែ។
សេចក្ដីប្រកាសនេះបានធ្វើឡើងចំពេលមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការស៊ើបអង្កេតរយៈពេលជាច្រើនខែរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ថាតើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសអាស៊ីអាគ្នេយ៍ទាំងបួន កំពុងគេចវេសពីពន្ធលើទំនិញដែលផលិតនៅក្នុងប្រទេសចិនឬយ៉ាងណា។
បើតាមប្រភពពីសេតវិមាន បានឱ្យដឹងថា ការប្រមូលពន្ធនៅកំពុងផែ នឹងអស់សុពលភាព ហើយនោះជាចំណុចស្នូលដែលនឹងជួយសង្គ្រោះគម្រោងថាមពលពន្លឺព្រះអាទិត្យទាំងអស់នេះ ហើយធានាថាពួកគេនឹងឆ្ពោះទៅមុខជានិច្ច។ ទោះជាយ៉ាងណាក្ដី អភិបាលរដ្ឋ សមាជិកសភា មន្ត្រីឧស្សាហ៍កម្ម និងអ្នកបរិស្ថាន បានសម្តែងការព្រួយបារម្ភចំពោះការស៊ើបអង្កេតនេះ ដែលអាចបណ្តាលឱ្យមានពន្ធឡើងវិញរហូតដល់ ២៥០% ។
គួរបញ្ជាក់ថា អាមេរិកបានបើកការស៊ើបអង្កេតនៅចុងខែមីនា ដោយអាចចំណាយពេល ១៥០ថ្ងៃ ឬច្រើនជាងនេះដើម្បីបញ្ចប់។ ក្នុងការស៊ើបអង្កេតនេះ បានបញ្ឈប់នូវការនាំចូលពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដែលមានចំនួនជាងពាក់កណ្តាលនៃការផ្គត់ផ្គង់បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក និង ៨០% នៃការនាំចូល៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


