អាវប៉ាក់ប្រពៃណីដែលពាក់ដោយប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មានតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ បន្ទាប់ពីត្រូវបានយកមកដាក់ដេញថ្លៃនៅក្នុងកម្មវិធីមួយ ដើម្បីជួយប្រទេសអ៊ុយក្រែនការពារ និងកសាងប្រទេសឡើងវិញពីសង្រ្គាម។ ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងសុក្រ ដែលចំថ្ងៃគម្រប់ ១០០ថ្ងៃចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទៅលើអ៊ុយក្រែន។
លោក Volodymyr Zelenskyy នៅក្នុងសារវីដេអូមួយបានថ្លែងអំណរគុណដល់អ្នកចូលរួម ដោយបាននិយាយថា ព្រឹត្តិការណ៍នេះមិនត្រឹមតែសម្រាប់ការរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីបញ្ជាក់ដល់ប្រទេសរុស្ស៊ីថា អំពើអាក្រក់នឹងមិនឈ្នះនោះទេ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ុយក្រែនស្ថិតក្នុងចំណោមអ្នករៀបចំក្នុងកម្មវិធីដេញថ្លៃខាងលើនេះ ដោយប្រធានាធិបតីបានបើកដំណើរការគេហទំព័រប្រមូលថវិកាក្នុងខែឧសភា ដើម្បីប្រមូលអំណោយសប្បុរសធម៌សម្រាប់អ៊ុយក្រែន ហើយរហូតមកដល់ពេលនេះជាង ៥០លានដុល្លារត្រូវបានបរិច្ចាគ៕
អត្ថបទ៖ លីនី
ប្រភព៖ nhk


