ការសម្រេចចិត្តចុងក្រោយរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងភាគច្រើនពីប្រទេសរុស្ស៊ី ដោយសារតែការលុកលុយរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃថាមពលនៅតែកើនឡើងរយៈពេល ១-២ឆ្នាំទៀត នេះបើយោងតាមការលើកឡើងរបស់លោក Kobsak Pootrakul អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃធនាគារ Bangkok Bank។
លោកបាននិយាយថា ការហាមឃាត់ចុងក្រោយរបស់សហភាពអឺរ៉ុបលើការនាំចូលប្រេងពីរុស្ស៊ីភាគច្រើន នឹងដាក់សម្ពាធកាន់តែខ្លាំងលើតម្លៃថាមពល និងស្បៀងអាហារពិភពលោក ដែលនៅទីបំផុតនឹងជំរុញឱ្យអតិផរណាទាំងមូលកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះលោកបានបន្តថា តម្លៃប្រេងពិភពលោកបានកើនឡើងយ៉ាងឆាប់រហ័សដល់ ១២០ដុល្លារក្នុងមួយបារ៉ែល ហើយអាចឡើងដល់ ១៥០ដុល្លារក្នុងពេលឆាប់ៗនេះ ដោយសារតែប្រទេសរុស្ស៊ីផ្គត់ផ្គង់ប្រហែល ១០% នៃការប្រើប្រាស់ប្រេងរបស់ពិភពលោក។ មិនត្រឹមតែប្រេងនោះទេ តម្លៃជីនៅលើសកលក៏កើនឡើងដែរ ដោយសាររុស្ស៊ីផ្គត់ផ្គង់ជីអ៊ុយរ៉េ ១៤% ហើយរួមគ្នាជាមួយប្រទេសបេឡារុស្ស រុស្ស៊ីផ្គត់ផ្គង់ប៉ូតាស្យូម ៤១% ដែលធ្វើឱ្យតម្លៃជីត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងកម្រិតខ្ពស់ក្នុងរយៈពេលវែង ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Kobsak បានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលឱ្យរៀបចំថវិកាដើម្បីបន្តការឧបត្ថម្ភធនលើតម្លៃថាមពល ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃប្រេងឡើងថ្លៃលើអ្នកប្រើប្រាស់ ជាជាងការពង្រីកគម្រោងឧបត្ថម្ភធនរួមមាន៖ “Khon La Khrueng” និងការឧបត្ថម្ភធនសណ្ឋាគារ “We Travel Together” ខណៈគ្រោងការណ៍ទាំងពីរនេះ ត្រូវការថវិកាយ៉ាងច្រើន។
គួរបញ្ជាក់ផងដែរថា មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីល្ងាចថ្ងៃចន្ ទដើម្បីកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីប្រហែល ៩០% ក្នុងរយៈពេលប្រាំមួយខែខាងមុខ ដែលជាការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលត្រូវបានគេចាត់ទុកថា មិននឹកស្មានដល់កាលពីប៉ុន្មានខែមុន៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


