យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា វិនិយោគិនបារាំង កំពុងសម្លឹងមើលពីឱកាសវិនិយោគបន្ថែមនៅក្នុងទីផ្សារកម្ពុជា ដោយផ្តោតលើវិស័យធំៗដូចជា វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យ ថាមពលបៃតងជាដើម ខណៈបារាំងជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានមកវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ លោក Philippe Bandry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថា នឹងមកចូលរួមក្នុងព្រឹត្តិការណ៍ធុរកិច្ចបារាំង-កម្ពុជានាថ្ងៃទី០៩ និង១០ ខែមិថុនានេះ ដើម្បីឱ្យអ្នកធុរកិច្ចបារាំងមកសិក្សាឈ្វេងយល់អំពីវិស័យសក្តានុពលនៅក្នុងប្រទេសកម្ពុជា ហើយ នឹងអាចឈានមកវិនិយោគ នាពេលខាងមុខ។ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឱ្យដឹងបន្ថែមថា វិស័យដែលមានសក្តានុពល សម្រាប់ធុរកិច្ចបារាំងនៅកម្ពុជារួមមាន៖ វិស័យកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើង, វិស័យទេសចរណ៍ និងសេវាកម្ម, វិស័យកសិកម្ម, និងវិស័យថាមពលបៃតងជាដើម។
ប្រទេសបារាំង ជាប្រទេសលេខមួយក្នុងតំបន់អឺរ៉ុប ដែលបានវិនិយោគ និងរកស៊ីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងនោះបើតាមការស្ទង់មតិមួយបានបង្ហាញថា មានក្រុមហ៊ុនបារាំងប្រមាណជា ៥០០ក្រុមហ៊ុន បាននិងកំពុងរកស៊ីនៅកម្ពុជា ដែលជាប្រភេទអាជីវកម្ម ខ្នាតតូច ធំ និងមធ្យម ។
លោក Arnaud Darc បានឱ្យដឹងបន្តថា វិស័យធុរកិច្ចបារាំងនៅកម្ពុជា មិនមានភាពទន់ខ្សោយនោះទេ ទោះបីជាមិនមានភាពលេចធ្លោខ្លាំង ដូចប្រទេសចិនក៏ដោយ។ ប្រទេសចិន បាននិងកំពុងវិនិយោគខ្លាំងលើហេដ្ឋរចនាសម្ព័ន្ធ និងសំណង់អគារខ្ពស់ៗ ក្នុងប្រទេស កម្ពុជា។ ក្នុងនោះ អ្នកធុរកិច្ចបារាំង ក៏បានចូលរួមចំណែកច្រើនដែរ នៅក្នុងការវិនិយោគនៅកម្ពុជា តែជាការចូលរួមពីខាងក្រោយ ដោយជាឧទាហរណ៍ ក្រុមហ៊ុនចិនមកវិនិយោគមែន តែវិស្វករ ឬស្ថាបត្យករ ជាជនជាតិបារាំង ឬក្រុមហ៊ុនបារាំងជាដើម។
សូមជម្រាបថា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងគណៈកម្មា ធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាធុរ កិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជានាថ្ងៃទី០៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន


