ក្រសួងសាធារណការកម្ពុជា ត្រៀមខ្លួនសហការជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក លើការអភិវឌ្ឍន៍វិស័យមួយចំនួន
សេដ្ឋកិច្ច June 3, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកលើការអភិវឌ្ឍន៍វិស័យមួយចំនួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Moses An មន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអំពីគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតដែលរួមមាន គម្រោងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនផ្លូវគោក ការដឹកជញ្ជូនតាមផ្លូវដែក គម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាង សង់ក្នុងពេលឆាប់ៗនេះ គម្រោងអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ និងការអភិវឌ្ឍន៍កំពង់ផែដើម្បីចូលរួមកាត់បន្ថយការចំណាយផ្នែកភស្តុភារកម្ម។

លោកជំទាវ ក៏បានលើកឡើងផងដែរ ទាក់ទងទៅនឹងគម្រោងអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាបញ្ហាគួរឱ្យព្រួយបារម្ភរបស់កម្ពុជា ផែនការមេភស្តុភារកម្មកម្ពុជាដែលមានគម្រោងអភិវឌ្ឍចំនួន ៣៣០គម្រោង ការបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន សម្រាប់ការបណ្ដុះបណ្ដាលវិស្វករ ជំនាន់ក្រោយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការធ្វើទំនើបកម្មយានយន្តដឹកជញ្ជូនទំនិញ បម្រែបម្រួលអាកាសធាតុ និងបញ្ហាឆ្លងកាត់ព្រំដែនជាដើម។

លោក Moses An បានសំដែងចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍វិស័យមួយចំនួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការីកចម្រើន ដែលក្នុងនោះរួមមាន ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ការធ្វើផែនការផ្អែកលើការអនុវត្តន៍ អភិបាលកិច្ច បញ្ហាឆ្លងកាត់ព្រំដែន សុវត្ថិភាពផ្លូវថ្នល់ យេនឌ័រ/បរិយាបន្នសង្គម/សមធម៌ និងការតភ្ជាប់ពហុមធ្យោបាយ។

លោក Moses An បានស្នើឱ្យមានមន្ត្រីទទួលបន្ទុកការងារទំនាក់ទំនង (Focus Point) រវាងភាគីទាំងពីរ ដើម្បីសម្របសម្រួលលើការងារផ្សេងៗ ជាពិសេសសម្របសម្រួលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ រវាងក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក និងក្រសួងសាធារណការ និងដឹកជញ្ជូន របស់កម្ពុជានាពេលខាងមុខ ដើម្បីពិភាក្សាលម្អិតលើគម្រោងសហការមួយចំនួន។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ចូនខាងភាគីកម្ពុជា ត្រៀមខ្លួនសហការជានិច្ចជាមួយក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដើម្បីជជែកពិភាក្សាលម្អិតបន្តទៀតលើបញ្ហានេះ។ សូមបញ្ជាក់ថា ជំនួបនេះមានគោលបំណងដើម្បីពិភាក្សាស្វែងយល់អំពីកាលានុវត្តភាពពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាមេរិកនៅក្នុងគម្រោងអភិវឌ្ឍនានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលបច្ចុប្បន្ន និងនាពេលអនាគត ក៏ដូចជាដើម្បីស្វែងរកឱកាសសម្រាប់ការផ្តល់ជំនួយបច្ចេកទេសដែលអាចធ្វើទៅបានតាមរយៈកម្មវិធីតភ្ជាប់មេគង្គបូព៌ា-បស្ចឹម (តាមរយៈក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក)៕

ប្រភព៖ ក្រសួងព័ត៌មាន